សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ ចាប់ពីថ្ងៃទី១៧ សីហា តទៅ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទាន ព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមព្រះរាជក្រឹត្យដែលបានប្រថាប់ព្ររាជលញ្ឆករនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ ៣ មាត្រា៖

-មាត្រា១ ចាត់តាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-មាត្រា២ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជាដើម្បីស្នើសុំសេចក្តី ទុកចិត្តពីរដ្ឋសភា។
-មាត្រា៣ ព្រះរាជក្រឹត្យនេះចូលជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។

បន្ទាប់ពីទទួលបាននូវការប្រទានព្រះរាជក្រឹត្រចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីអង្គព្រះមហាក្សត្រ សម្តេច តេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយនូវសារថ្លែងអំណរព្រះគុណទៅដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយទូលថ្វាយថា សម្តេចនឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល បញ្ជូនទៅព្រឹទ្ធសមាជិក នៃរដ្ឋសភា នីតិកាលទី០៦ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្ត ពីសមាជិក សមាជិកានៃរដ្ឋសភា ដែលនឹងប្រជុំនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីអាណត្តិទី៦ បានសច្ចារជូនព្រះមហាក្សត្រថា សម្តេចនឹងខិតខំយកអស់កម្លាំងកាយចិត្តនិង ស្មារតី ដើម្បីបំពេញភារកិច្ចដ៏វិសេសវិសាលនិងឧត្តុង្គឧត្តម ក្នុងតំណែងជានាយករដ្ឋមន្ត្រីនិងកិច្ចការបំរើប្រទេសជាតិមាតុភូមិនិង ប្រជារាស្ត្រទូទាំងប្រទេសឱ្យបានសមទៅតាមព្រះរាជហឫទ័យទុកដាក់របស់អង្គព្រះមហាក្សត្រ។

សូមជម្រាបថា ក្នុងនាមជានាយករដ្ឋមន្ត្រីអាណត្តិទី៦ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់កាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដូចតទៅ ៖

១)នៅព្រឹកថ្ងៃ ពុធ ទី៥ កញ្ញា ឆ្នាំ ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់ នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

២)នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និង រាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។

៣) នៅព្រឹកថ្ងៃសុក្រទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation