ស្ថាប័នជំនាញផ្សព្វផ្សាយពីសារៈសំខាន់នៃការចងក្រងស្ថិតិ ដើម្បីជំរុញដល់ប្រសិទ្ធភាព សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម
| ព័ត៌មានជាតិ
SHARE

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការសហការគ្នាផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចងក្រងស្ថិតិ ដើម្បីរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការសិក្សាស្រាវជ្រាវនានាដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងនៅក្នុងពិធីសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការចងក្រងស្ថិតិ» នៅថ្ងៃនេះ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅក្នុងពេលវេលាមួយ ដែលមានការផ្លាស់ប្តូរដ៏សំខាន់ក្នុងតំបន់ និង ក្នុងសកលលោក ស្របពេលដែលទិន្នន័យស្ថិតិកាន់តែដើរតួនាទីដ៏សំខាន់ក្នុងបរិយាកាសមួយ ដែលមានការរីកចម្រើនទៅមុខជាលំដាប់។

លោកជំទាវបញ្ជាក់ថា ស្ថិតិជាបណ្តាក្រុមនៃចំនួនតួលេខ ឬលទ្ធផលទាំងឡាយដែលអ្នកសិក្សាស្រាវជ្រាវ ក្រុមអ្នកវិភាគ និងអ្នកអភិវឌ្ឍន៍គោលនយោបាយចង់ដឹងពីព័ត៌មានទាំងនោះ ហើយត្រូវបានគេស្វែងរកជាប្រចាំនូវទិន្នន័យ ដែលអាចជាប្រភេទម៉ាក្រូ និងមីក្រូ តាមរយៈប្រ ភពទិន្នន័យផ្សេងៗគ្នាដែលអាចជឿទុកចិត្តបាន។

គ្រប់បណ្តាប្រទេសនានាលើពិភពលោកត្រូវការទិន្នន័យស្ថិតិជាចំាបាច់សម្រាប់បម្រើឲ្យតម្រូវការផ្សេងៗរៀងខ្លួន។

ប្រសិនបើប្រទេសមួយមានស្ថិតិប្រកបដោយគុណភាព និងផ្សព្វផ្សាយទាន់ពេលវេលា នោះរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ធុរជន អង្គការអន្តរជាតិ និងអ្នកប្រើប្រាស់ទិន្នន័យផ្សេងទៀតនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ ឬកែតម្រូវគោលនយោ បាយ និងផែនការយុទ្ធសាស្ត្ររបស់ខ្លួនឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ។

ជុំវិញបញ្ហានេះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានមានប្រសាសន៍ថា កន្លងមកក្រសួងបាន រៀបចំធ្វើស្ថិតិជាច្រើនដូចជា ការចងក្រស្ថិតិម៉ាក្រូសេដ្ឋកិច្ច សន្ទុះថ្លៃទំនិញ ជំរឿនប្រជាជន ជំរឿនសហគ្រាស និងជំរឿនកសិកម្មជាដើម។

លោកជំទាវបញ្ជាក់ថា លទ្ធផលនៃការចងក្រងស្ថិតិ ឬទិន្នន័យនានារបស់ក្រសួងផែនការកន្លងមកមានគុណភាពស្របទៅតាមស្តង់ដារអន្តរជាតិ ដោយអត្រាពិតជាក់លាក់រហូតដល់ជាង ៩៨ភាគរយ ខណៈអត្រាមិនជាក់លាក់មានត្រឹមតែជាង ១ភាគរយប៉ុណ្ណោះ។

ទោះជាយ៉ាងណាលោកជំទាវថ្លែងថា បច្ចុប្បន្នវិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាក្រសួងផែនការកំពុងប្រឈមនឹងកង្វះកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ដំណើរការរៀបចំស្ថិតិថ្មីៗ ដោយសារតែ កន្លងមកការរៀបចំកិច្ចការងារនេះ ទទួលបានការផ្តល់ជំនួយពីបណ្តាដៃគូអភិវឌ្ឍន៍នានា ដូចជា ADB​, World Bank, IMF និង​UNISEF ជាដើម។ ប៉ុន្តែក្រោយពេលប្រទេសកម្ពុជា បានវិវត្តន៍ខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបមក ការផ្តល់ជំនួយក៏ត្រូវបានកាត់ផ្តាច់ទៅវិញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំធ្វើជំរឿនប្រជាជននៅឆ្នាំ ២០១៩ខាងមុខនេះ ដោយត្រូវនឹងចំណាយថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក៕អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ ហុង បូរ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation