​ចក្រភពអង់គ្លេស ប្តេជ្ញាបន្ត​ជួយដល់កម្ពុជា លើវិស័យដោះមីន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានអនុញ្ញាត លោកជំទាវ ទីណា ស៊ូសាន រ៉េដស៉ស៍ (Tina Susan Redshaw) ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲឲ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវបានជម្រាបជូន សម្ដេចតេជោថា ក្នុងដំណើរបេសកកម្មការទូត រយៈពេលប្រាំមួយសប្តាហ៍ របស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជានេះ គឺលោកជំទាវបានទទួល នូវការស្វាគមន៍យ៉ាងកក់កជាទីបំផុត។ ហើយក្នុងបេសកម្មបន្តទៀតនេះដែរ ​លោកជំទាវនឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងចក្រភពអង់គ្លេស។

លោកជំទាវ ក៏បានជម្រាបជូនសម្ដេចនាយកផងដែរថា លោកជំទាវ នឹងផ្ដោតការយកចិត្តទុកដាក់ ទៅលើបញ្ហាបច្ចេកវិទ្យានិងតិចណូឡូជី, យកចិត្តទុកដាក់ទៅលើបញ្ហាដោះមីន ក្នុងន័យនេះ លោកជំទាវបានជម្រាបជូនសម្ដេចថា ចក្រភពអង់គ្លេស នឹងបន្តធ្វើកិច្ចការងារនេះ ជួយដល់កម្ពុជាតទៅទៀត។ លោកជំទាវក៏បាន គូសបញ្ជាក់ទៀតថា នឹងបន្តយកចិត្តទុកដាក់ទៅលើ បញ្ហាពាណិជ្ជកម្ម បញ្ហាលើកកម្ពស់ស្ត្រី នឹងបញ្ហាអប់រំផងដែរ។

ជាការឆ្លើយតប ​សម្ដេចតេជោ បានបានអរគុណដល់ចក្រភពអង់គ្លេស ក៏ដូចជាប្រជាជនអង់គ្លេស ដែលបានជួយដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តាសំខាន់របស់កម្ពុជា និងសូមអរគុណផងដែរ ដែលចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើវិស័យដោះមីន។

សម្ដេចបានមានប្រសាសន៍ថា នៅកម្ពុជាមានមជ្ឈមណ្ឌលដោះមីនអាស៊ាន ហើយ​មានវិសាលភាពធំ ជួយដល់បណ្ដាប្រទេសក្នុងតំបន់ផង និងចូលរួមចំណែក ក្នុងការងារអង្គការសហប្រជាជាតិ ក្នុងការដោះមីន ដូច្នេះគប្បីពិចារណា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។

ពាក់ព័ន្ធនិងការលើកកម្ពស់ស្ត្រី, សម្តេច បានជម្រាបជូនថា កម្ពុជា​មានកូតាសម្រាប់ស្ត្រី ចាប់តាំងពីថ្នាក់ស្រុកខេត្ត រហូតដល់ជួរកងទ័ព នគរបាល ក៏ដូចជាស្ថាប័នផ្សេងៗដែរ។ ពីនោះទៅទៀតរាជរដ្ឋាភិបាល ក៏បានយកចិត្តដាក់កសាងសាលារៀន នៅគ្រប់ទីកន្លែង ដែលស្ត្រីអាចចូលរៀន បានហើយក៏មានការសាងសង់ អន្តេវាសិកដ្ឋាន សម្រាប់ស្ត្រីផងដែរ។

សម្តេច ក៏បានគូសបញ្ជាក់ផងដែរថា ថ្មីៗនេះ គោលការណ៍គាំពារសង្គម ដែលជួយទៅដល់ស្ត្រី ជាពិសេសកម្មការីនីកម្ពុជា ដែលនៅពេលដែលមានផ្ទៃពោះ ឲ្យឈប់សម្រាកបាន៣ខែ ក្នុងពេលសម្រាលកូន និងទទួលបានប្រាក់បៀវត្សរ៍១២០ ភាគរយ៕ ​
អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម ​មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation