សម្តេចតេជោ ជំរុញឲ្យកម្ពុជា-ឡាវ ខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណា ឲ្យមានការកើនឡើងជាបន្តបន្ទាប់ នូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានអនុញ្ញាតឲ្យ ​ឯកអគ្គរដ្ឋទូត ផុតអាណត្តិប្រទេសឡាវ ឯកឧត្តម Brasith Sayasith ចូលជួបជម្រាបលា នាវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពសម្តែងនូវការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង លើប្រជាជនកម្ពុជា ដែលជួបគ្រោះទឹកជំនន់ ដោយសារបាក់ទំនប់វារីអគ្គីសនី នៅប្រទេសឡាវ។ ឯឝឧត្តម ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបរិច្ចាគប្រាក់ជំនួយដល់ឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅឡាវកន្លងមកនេះ។

ពីនោះទៅទៀត ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត នៅប្រទេសកម្ពុជា ហើយការបោះឆ្នោតនោះ ឯកឧត្តម ក៏បានធ្វើជាអ្នកសង្កេតការណ៍ផងដែរ ដោយបានសង្កេតឃើញថាការបោះឆ្នោតនោះ មានតម្លាភាព និងការរៀបចំល្អ។ ក្នុងន័យនេះ ឯកឧត្តម បានសម្តែងការអបអរសាទរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្តីគោរព។

ឯកឧត្តម បានជម្រាបជូន ពីបេសកកម្មរបស់ឯកឧត្តម ក្នុងរយៈពេល៤ឆ្នាំ២ខែ នៅកម្ពុជា ដោយឯកឧត្តមបានឃើញ នូវការអភិវឌ្ឃរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និងមានការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានការលេចធ្លោរតែម្តង។

ឯកឧត្តម ក៏បានជម្រាបជូន សម្តេចផងដែរ អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កន្លងមកនេះ មានការកើនឡើង១ជា២ ពី១០លានដុល្លារ ទៅ២៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។

ជាការឆ្លើយតប សម្តេច​បានសម្តែងនូវការកោតសរសើរ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមពង្រឹង និងពង្រីកចំណងមិត្តិភាព រវាងកម្ពុជា-ឡាវ និងជំរុញទំហំសេដ្ឋកិច្ចរវាងប្រទេសពីរផង។ សម្តេចក៏បានសោកស្តាយ និងមរណៈទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជាជនឡាវ ដែលបានជួបនូវគ្រោះទឹកជំនន់កន្លងមកនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្តម ប្រាសិត ដែលបានអបអរសារទរ ចំពោះលទ្ធផល នៃការបោះឆ្នោត និងបានចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតកន្លងទៅនេះ។

សម្តេចបានបន្ថែមថា ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមានការកើនឡើងទ្វេរដង ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ មិនទាន់មានការសមស្របទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដូច្នេះសម្តេចបានស្នើសុំ ឲ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះកិច្ចការនេះ៕
អត្ថបទ : សន ពិសិដ្ឋ រូបភាព : លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation