កាកបាទក្រហមកម្ពុជា បន្ដផ្តល់អំណោយជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង១ពាន់គ្រួសារនៅខេត្ដត្បូងឃ្មុំ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃពុធ ទី ១៥ ខែ សីហានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម លី លេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៧៥គ្រួសារ មកពីភូមិចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះដោយសារគ្រោះទឹកជំនន់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លើសពីនេះទៀត លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព​ ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយសូមប្រជាពលរដ្ឋប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញនៅពេលទឹកស្រក ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីត្រេកអរជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែចែករំលែកនូវក្ដីស្រលាញ់មួយនេះជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប និងសូមជូនពរដល់សម្ដេចប្រធានជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយដែលនាំយកមកថ្ងៃនេះ បានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេសក្នុងទិវា ៨ ឧសភា​ ដែលគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ក្រណាត់ស ១ដុំ និងថវិកាមួយចំនួន។​ បន្ថែមពីនេះ​ គ្រួសារនីមួយៗទទួលបាន​ ​ក្រណាត់ស ១ដុំ និងថវិកាចំនួន ១០,០០០រៀល ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ទន្ទឹមនឹងនេះដែរ កាកបាទក្រហមកម្ពុជា នឹងបន្តសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ក្នុងការចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation