សហគមន៍ទេសចរណ៍បន្ទាយស្រីទីតាំងសម្បូរដោយម្ហូបអាហាររបៀបអ្នកស្រុក និងសកម្មភាពប្រពៃណី តែមិនសូវមានអ្នកស្គាល់
| ព័ត៌មានជាតិ
SHARE

(សៀមរាប)៖ សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី ដែលនៅទីនេះទេសចរភាគច្រើន ច្រើនរំលងបើមិនមានពេលវេលាគ្រប់គ្រាន់ ឯទេសចរជាតិក៏ដូចគ្នាដែរ ព្រោះមិនសូវ មានអ្នកដឹង។
អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA របស់ប្រទេសញូវហ្សឺឡែនបានអភិរក្សនិងកែច្នៃត្រពាំងបុរាណឈ្មោះ «ស្រែព្រៃ» ឱ្យក្លាយជាសហគមន៍ទេសចរណ៍ដែលមានឈូករីករហង់ មានទេសភាពធម្មជាតិដ៏ស្រស់បំព្រងលម្អដោយ ទឹកត្រពាំងថ្លាយង់ និងភ្នំដ៏ខៀវស្រងាត់នាទិសខាងកើត។ ទីនេះស័ក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិមានខ្យល់ អាកាសបរិសុទ្ធ មានភាពស្ងប់ស្ងាត់ក្នុងការផ្ចង់អារម្មណ៍ មានម្ហូបអាហាររបៀបអ្នកស្រុក និងសកម្មភាព ប្រពៃណីផ្សេងៗទៀត។

លោក សំ កុសល មន្ត្រីនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានឱ្យដឹងថា សហគមន៍បន្ទាយស្រី បង្កើតឡើងនៅឆ្នាំ២០១៣ មានសមាជិកសហគមន៍៣៥រូប គឺគណៈកម្មការចំនួន៦រូប និងសមាជិក២៩រូប ឆ្លងកាត់តាម រយៈការ បោះឆ្នោតជ្រើសតាំង។ ពួកគាត់ជាអ្នកភូមិ មកពីភូមិបន្ទាយស្រីនិងភូមិទួលក្រឡាញ់។ គម្រោងនេះបង្កើតឡើងដើម្បីបង្កើន ចំណូលបន្ថែមលើមុខរបរប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ ហើយចង់ឃើញប្រជាជនទាំងពីរភូមិមានការរីកចម្រើនតាមរយៈ សហគមន៍នេះ ដែលស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជនឱ្យល្អប្រសើរ។

បន្ថែមពីនោះ ក្រៅពីទាញប្រយោជន៍ពីសហគមន៍នេះ អាជ្ញាធរជាតិអប្សរានិងសហគមន៍ ក៏បានរួមគ្នាអភិរក្ស ថែរក្សាជីវចម្រុះ មានត្រី សត្វស្លាប សត្វក្នុងទឹក រុក្ខជាតិ នៅក្នុងត្រពាំងបុរាណនេះមិនឱ្យមានការបាត់បង់ឬទទួលរងនូវការបំផ្លាញឡើយ។ មិនតែប៉ុណ្ណោះ ក្រៅពីសមាជិកទាំង៣៥នាក់ ប្រជាជនចំនួនពីរភូមិនេះ ក៏ទទួលបានផលពីសហគមន៍ដោយប្រយោលផងដែរ តាមរយៈការផលិត សិប្បកម្មលក់ និងដាំដុះបន្លែបង្ការសម្រាប់ផ្គត់ផ្គង់សហគមន៍និងលក់ជូនទេសចរ។

លោក ស៊ាម សារឿន ប្រធានសហគមន៍បន្ទាយស្រីបានឱ្យដឹងថា នៅទីនេះមានសេវាកម្មជិះទូកដែលពេញនិយមជាងគេ ជិះរទេះគោ ស្ទួចត្រី ស្ទូង/ច្រូតស្រូវ និងការរៀបចំអាហារសាមគ្គីរបៀបអ្នកស្រុកបានចំនួន១០០នាក់។ ទេសចរអាចមកកម្សាន្តទីនេះជាលក្ខណៈឯកជន គ្រួសារ និងជាក្រុមក៏បាន ដើម្បីស្វែងយល់ពីការរស់នៅរបៀបអ្នកស្រុក ជិះទូកលម្ហែកាយក្នុងត្រពាំង ថតរូបភាពស្អាតៗតាមចំណូលចិត្ត និងពិសាអាហារឆ្ងាញ់ៗ មានតម្លៃសេវាកម្មសមរម្យ។ សហគមន៍ទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវអឺរ៉ុប ចំណែកភ្ញៀវអាស៊ី ពួកគាត់មកត្រឹមថតរូបប៉ុណ្ណោះ។

លោកបន្តទៀតថា តាំងពីចាប់ផ្តើមការងារបញ្ហាលំបាកខ្លះៗដែលជួបប្រទះ គឺនៅរដូវប្រាំង ព្រោះគ្មានទឹក ទេសភាពមិនស្អាត ចំណែកខែវស្សាមិនជាមានបញ្ហាទេ។ ដូច្នេះពួកយើងបានបង្កើនការផ្សព្វផ្សាយតាមមគ្គុទ្ទេសក៍ទេសចរណ៍ សណ្ឋាគារ និងតាមរយៈភ្ញៀវដោយផ្ទាល់ និងការពង្រីកទីតាំង បង្កើនការអភិរក្សសត្វបន្ថែមទៀតដើម្បីទាក់ទាញទេសចរ។ លោកបានសំណូមពរឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ សូមជួយណែនាំភ្ញៀវមកកាន់ទីនេះ ពិសេសភ្ញៀវជាតិសូមជួយគាំទ្រ ទេសចរណ៍សហគមន៍ ព្រោះវានឹងជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជនក្នុងតំបន់ និងរួមចំណែកក្នុងការ អភិរក្សរមណីយដ្ឋានបុរាណផងដែរ។

លោក ផានិត ជាអ្នកភូមិបន្ទាយស្រី បានចូលធ្វើការក្នុងសហគមន៍នេះរយៈពេល៤ឆ្នាំមកហើយ ដែលគាត់ជាអ្នកចែវទូក និងមានប្រពន្ធជាអ្នកធ្វើម្ហូបអាហារសម្រាប់ភ្ញៀវ។ លោកលើកឡើងថា «តាមរយៈទេសចរណ៍សហគមន៍ បានធ្វើឱ្យជីវភាព គ្រួសារខ្ញុំធូរធារជាងពីមុន មានលុយកាក់ផ្គង់ផ្គង់គ្រួសារសមរម្យ កូនចៅបានសិក្សារៀនសូត្រ និងមានការងារធ្វើបន្ថែមលើមុខរបរស្រែចម្ការ»៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation