ចិនជួយរៀបចំផែនការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ និងការធ្វើទំនើបកម្ម វិស័យកសិកម្ម នៅកម្ពុជាសម្រាប់រយៈពេលវែង ២០១៩-២០៣០ ក្រោមការជួយជ្រោមជ្រែងទាំងស្រុងពីរដ្ឋាភិបាលចិន ដែលរាប់បញ្ចូលទាំងធនធាន ហិរញ្ញវត្ថុ និងបច្ចេកទេស។

តាមផែនការដែលបានគ្រោងទុក ក្រុមបេសកកម្មជំនាញកសិកម្មចិន នឹងធ្វើការបែងចែកជាពីរក្រុម ដែលក្នុងមួយក្រុមៗមានគ្នាចំនួន ៨នាក់ ត្រូវចុះសិក្សាតាមបណ្តាខេត្តចំនួន ១២ ដែលមានសក្តានុពលលើវិស័យកសិកម្ម ក្នុងនោះប្រាំមួយខេត្តនៅភាគខាងត្បូង និងប្រាំមួយខេត្តនៅភាគខាងជើងរាជធានីភ្នំពេញ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមអ្នកជំនាញចិននឹងសិក្សាទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលមានផ្លូវ ទឹក ភ្លើង បច្ចេកទេសដាំដុះ ការប្រើប្រាស់ពូជ ការកាត់បន្ថយចំណាយថ្លៃដើម និងកម្លាំងពលកម្ម។

ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំផែនការមេនេះ នឹងជួយពន្លឿនដល់ការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជាបានយ៉ាងឆាប់រហ័សទាំងបរិមាណការផលិត និងគុណភាព ស្របទៅតាមតម្រូវ ការទីផ្សារ ជាពិសេសទីផ្សារប្រទេសចិន។

ឯកឧត្តមបន្ថែមថា តាមការសិក្សាបង្ហាញថា កម្លាំងពលកម្មបម្រើការក្នុងវិស័យកសិកម្មនៅកម្ពុជានឹងថយចុះប្រមាណពី ២២ទៅ ២៥ភាគរយ នៅឆ្នាំ ២០៣០ និងពី ៣៥ទៅ ៣៩ភាគរយនៅឆ្នាំ ២០៥០ ស្របពេលការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្មកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា បេសកកម្មរបស់ក្រុមអ្នកជំនាញចិន នឹងបញ្ចប់របាយការណ៍បឋម របស់ខ្លួននៅបំណាច់ខែសីហាខាងមុខនេះ ហើយនឹងមានរៀបចំពិធីចុះហត្ថលេខាលើរបាយការណ៍បឋមនេះ រវាងភាគីកម្ពុជា និងភាគីចិន។ ប៉ុន្តែសម្រាប់គម្រោងផែនការមេទាំងមូលអាចនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០១៨នេះ។

កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រសួងកសិកម្ម និងនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងអនុវត្តន៍ឲ្យបានទាន់ពេលវេលា លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០១៨៕
អត្ថបទ៖ សៀម ប៊ុនធី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation