អង្គការមួយក្នុងខេត្តរតនគិរី ផ្តល់អំណោយសង្គ្រោះដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកវើនសៃ
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ អង្គការកុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួន ដែលជានិច្ចជាកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយជួយចិញ្ចឹមកុមារកំព្រា និងចែកអំណោយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ ជាក់ស្តែងនៅព្ថ្ងៃរឹកទី១៤ ខែសីហាឆ្នាំ២០១៨នេះ លោកស្រី ស៊ូ មន្ថា ប្រធានអង្គការកុមារកំព្រានៃកសេចក្ដីសន្យាដំណឹងល្អទាំងបួន រួមទាំងសហការី បាននាំយកនូវអង្ករបំប៉នជាង ២ពាន់ ៨រយ គីឡូក្រាម រួមទាំងទឹកស៊ីអ៊ីវ អំបិល ស្ករស និងប៊ីចេង យកទៅចែកជូនប្រជាពលរដ្ឋដែលជួបនូវគ្រោះទឹកជំនន់ចំនួន ៤២ គ្រួសារ នៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី ។


ថ្លែងចំពោះមុខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ៤២ គ្រួសារនាពេលនោះ លោកស្រី ស៊ូ មន្ថា ប្រធានអង្គការកុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំងបួនរូបនេះ បានអោយដឹងថា ដោយមើលឃើញពីទុកលំបាក និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អង្គការរបស់លោកស្រី តែងតែចូលរួមចំណែកផ្តល់នូវអំណោយសង្គ្រោះបឋមបន្តិចបន្តួចចែកជូនដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ ដើម្បីទទួលបាននូវស្បៀងទាំងនេះធ្វើការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលខ្លី ។


ក្នុងឪកាសដែរ លោកស្រីប្រធានអង្គការរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកវើនសៃនោះ អោយត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខមាលភាពជាចម្បង ព្រោះថានៅតំបន់ដែលមានទឹកជន់លិចនេះ គឺងាយណាស់ក្នុងការឆ្លងនូវមេរោគរាតត្បាតផ្សេងៗ ដូច្នេះសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ដោយត្រូវធ្វើអនាម័យខ្លួនអោយបានជាប់ជាប្រចាំ រួមទាំងការហូបស្អាត និងផឹកស្អាត ។


ទន្ទឹមហ្នឹងនោះ លោកស្រី ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានការជន់លិចដូចនេះ គឺត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពឹស ក៏ដូចជាសត្វកាចសាហាវផ្សេងៗ ដែលអាចនឹងមកជ្រកកោនលាក់ខ្លួននៅក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរក្នុងឱកាសទឹកជន់លិចដូចនេះ ម្យ៉ាងវិញទៀត ក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ខ្លាចក្រែងកើតឡើងនូវករណីធ្លាក់ទឹក រឺក៏លេងទឹក បណ្តាលលង់ជាយថាហេតុ ។


គួរបញ្ជាក់ថា អង្គការកុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន គឺជាអង្គការក្នុងស្រុកមិនស្វែងរកប្រាក់ចំណេញ បានចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា កុមារងាយរងគ្រោះ និងកុមារអនាថា តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ដែលសាខាចំនួន ១០១ កន្លែង ស្ទើរគ្រប់ទូទាំងរាជធានី-ខេត្ត លើកលែងតែខេត្តកែប និងខេត្តកោះកុង ដោយមានកុមារកំព្រាសរុបជាង ២ពាន់នាក់ និងបុគ្គលិក ៦រយនាក់ ៕(ប៉េស សារី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation