ជនរងគ្រោះដោយសត្វអាសិរពិសចឹកឬខាំ កើនដល់២៨នាក់ ខណៈទន្លេមេគង្គកំពង់ចាមស្រកចុះក្រោមកម្រិតប្រុងប្រយ័ត្ន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម​៖សម្រាប់ខេត្តកំពង់ចាមតែមួយប៉ុណ្ណោះបើគិតត្រឹមថ្ងៃទី១កក្កដា ដល់ត្រឹមថ្ងៃទី១៤សីហាឆ្នាំ២០១៨នេះក្នុងអំឡុងពេលទឹកទន្លេមេគង្គបានកើនឡើង​បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំនួន២៨នាក់ត្រូវបានសត្វអសិរពិសចឹក ខាំឫទិច។

បើតាមការបញ្ជាក់ពីលោកវេជ្ជៈបណ្ឌិត គីម សួមភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថានៅក្នុងចំណោមប្រជាពលរដ្ឋទាំង២៨នាក់ខាងលើ គឺមាន២១នាក់ត្រូវបានពស់ចឹក និង៧នាក់ផ្សេងទៀតត្រូវបានសត្វក្អែប ក្ទួយ បានខាំឫទិចជាដើម។ លោកប្រធានមន្ទីរបានបញ្ជាក់សង្កត់ធ្ងន់ថា​ ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋដែលត្រូវសត្វអសិរពិសចឹក ខាំឫទិចនេះត្រូវបានក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលបានធូរស្រាលទាំងអស់ដោយមិនមានប៉ះពាល់ដល់ខ្លួនប្រាណ ឫស្លាប់បាត់បង់ជីវិតនោះទេ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានសត្វអសិរពិសចឹក ខាំឫទិចសូមប្រញាប់បញ្ចូនទៅកាន់មន្ទីរពេទ្យខេត្ត ឫមន្ទីរពេទ្យបង្អែកស្រុកដែលនៅកៀកបំផុត។

ទន្ទឹមនឹងករណីសត្វអសិរពិសចឹក ខាំឫទិចមានចំនួនកើនឡើងដល់២៨នាក់ យើងក៏សង្កេតឃើញថា​ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក្នុងរយះពេល២ថ្ងៃចុងក្រោយនេះ​ បានស្រកចុះជាបន្តបន្ទាប់ក្រោមចំណុចប្រកាសប្រុងប្រយ័ត្នង។

បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា​ កម្ពស់ទឹកទន្លេមេគង្គនៅថ្ងៃនេះស្រកចុះមកត្រឹម១៥,០៩ម៉ែត្រ ដែលកំពស់ទឹកនានេះស្ថិតនៅក្រោមចំណុចប្រកាប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ។

ដោយឡែកបើយោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានបញ្ជាក់ថា គិតត្រឹមវេលានេះនៅក្នុងរដូវទឹកឡើងនេះ​ បានធ្វើឲ្យដំណាំកសិផលរបស់បងប្អូនប្រជាពលរដ្ឋបានទទួលរងផលប៉ះពាល់យ៉ាងច្រើនដោយក្នុងនោះ​ ប៉ះពាល់ដំណាំស្រូវជាង៦ពាន់ហិកតា ដំណាំពោតជិត៥រយហិកតា និងដំណាំរួមផ្សំជិត៧រយហិកតា រួមទាំងលិចផ្ទះចំនួនជាង២ម៉ឺន២ពាន់ខ្នងផ្ទះ ក្នុងនោះផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ទទួលរងផលប៉ះពាល់ច្រើនជាងគេ ក្នុងចំណោមក្រុងស្រុកទាំង៩ដែលបានទទួលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គនាពេលនេះ៕ (អត្ថបទ៖ ហ៊ាង​ ថាច )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation