ព័ត៌មានជាតិ

ការបង្កើតធនាគារ SMEsនឹងក្លាយជាការពិត

image

នៅក្នុងពេលជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺនកាលពីពេលថ្មីៗនេះ បន្ទាប់ពីឈ្នះឆ្នោតសម្រាប់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការសន្យាសែលសម្តេចបានលើកឡើងក្នុងពេលមុនបោះឆ្នោត។

ក្នុងពេលជួបជាមួយកម្មករនិយោជិតនៅឯខេត្តកំពង់ស្ពឺក្នុងពេលកន្លងទៅ សម្តេចហ៊ុន សែន បានអះអាងថា ធនាគារសហគ្រាសធុនតូចនិងមធ្យមដែលគាំទ្រដោយរដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីដល់ក្រុមទាំងឡាយណាដែលមានសកម្មភាពធុរកិច្ច កែច្នៃផលិតផលពីកសិកម្ម ដើម្បីបង្កើតផលិតផលសម្រេចសម្រាប់ចែកចាយនៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

សម្តេចហ៊ុនសែន ក៏ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្លាប់បានសន្យាបង្កើតធនាគារSMEs នៅក្រោយការបោះឆ្នោត ដើម្បីបង្កើនទុនដល់ការកែច្នៃផលិតផលកសិកម្មក្នុងស្រុក បង្កើតការងារ និង ជាពិសេសបង្កើតតម្លៃបន្ថែមដល់ផលិតកសិកម្មរបស់កម្ពុជាដែលតែងតែរង្គ្រោះដោយសារការធ្លាក់ថ្លៃក្នុងពេលប្រមូលផល។
សម្តេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានផលិតផលកសិកម្មមិនទាន់កែច្នៃច្រើន ដែលគេអាចកែច្នៃជាផលិតផលសម្រេចជាច្រើនមុខ ឬច្រើនប្រភេទ សម្រាប់តម្រូវបំពេញតម្រូវការទីផ្សារ។

ផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ មិនត្រូវបានកែច្នៃហើយត្រូវនាំចេញទាំងស្រុង មានដូចជា ម្រេច អង្ករ ផ្លែមៀន ពោត សណ្តែក ល្ង ត្រីធម្មជាតិ ម្សៅដំឡូងមី ជាដើម ហើយ ផលិតផលទាំងអស់នេះសុទ្ធតែមានសក្តានុពលសម្រាប់ការកែច្នៃបង្កើតចេញជាផលិតផលផ្សេងៗទៀតជាច្រើន។
ភាពបរាជ័យក្នុងការដោះស្រាយឧបសគ្គក្នុងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម អស់រយៈពេលជាច្រើនឆ្នាំ ដោយម្ចាស់សហគ្រាសក្នុងស្រុកបានត្អូញត្អែរឥតល្ហែ ដោយសារខ្វះលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន ព្រោះខ្លួនមិនអាចពឹងផ្អែកលើប្រាក់កម្ចីពីធនាគារពាណិជ្ជឬគ្រឹះស្ថានមីស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកដែលមានអត្រាការប្រាក់ខ្ពស់។

ទោះបីជាបែបនេះ គេនៅមិនទាន់ច្បាស់ថាតើ ធនាគារអេសអឹមអី ដែលរដ្ឋាភិបាលគ្រោងបង្កើតនៅពេលខាងមុខនឹងផ្តល់នូវអត្រាការប្រាក់អនុគ្រោះប៉ុន្មានភាគរយៈធៀបនឹងអត្រាការប្រាក់ដែលមានតាមធនាគារពាណិជ្ជនិងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនោះនោះទេ ដែលបច្ចុប្បន្ននេះមានអត្រាខ្ពស់បំផុត១៨%ប្រចាំឆាំ្ន តាមការកំណត់អត្រាពិដានការប្រាក់របស់រដ្ឋាភិបាលកាលពីដើមឆ្នាំ២០១៧។

តាមការអះអាងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ ក្នុងពេលកន្លងមក ការបង្ហាញពីជំហរបង្កើតធនាគារSMEs បន្ទាប់ពីឃើញនូវគម្លាតខ្លាំងនៃការអភិវឌ្ឍន៍អាជីវកម្មនៅប្រទេសកម្ពុជា ដែលគ្មានការផ្សាភ្ជាប់រវាងសហគ្រាសតូចនិងសហគ្រាសធំនោះទេ។
ក្នុងពេលជួបជាមួយផ្នែកឯកជនក្នុងត្រីមាសទី១ឆ្នាំនេះ ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា រដ្ឋមិនចង់លួកដៃចូលក្នុងការបង្កើតធនាគារមួយនេះទេ ប៉ុន្តែក្នុងល្បឿននៃការអភិវឌ្ឍន៍សង្គមរយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ វិស័យឯកជន និង វិស័យហិរញ្ញវត្ថុឯកជន មិនបានបំពេញគម្លាតនៃការអភិវឌ្ឍន៍នេះទេ ដោយបណ្តាលឲ្យមានវិស័យសហគ្រាសខ្នាតតូចបំផុតមានច្រើន និង សហគ្រាសធំៗក៏មានច្រើន។

កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងឈានទៅបង្កើតធនាគារថ្មីមួយទៀតសម្រាប់ផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដោយចាប់ផ្តើមពីដើមទុន១០០លានដុលា្លរអាមេរិក៕
អត្ថបទ ៖ រ៉ាន់ រើយ