ជង្ហុកធំៗលើផ្លូវមុនីវង្សមុខក្រសួងសង្គមកិច្ច កើតការរិះគន់ពីអ្នកដំណើរ
ភ្នំពេញ៖ អ្នកធ្វើដំណើរលើកំណាត់ផ្លូវព្រះមុន្នីវង្សស្ថិតក្នុងសង្កាត់បឹងត្របែក សូមឲ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជួយចុះពិនិត្យមើលនិងជួសជុលបញ្ហាផ្លូវខូចមួយកន្លែងដែលកំពុងក្លាយជាជង្ហុកធំៗនោះ។
ទីតាំងដែលមានបញ្ហាផ្លូវខូចខាងលើនេះគឺស្ថិតនៅត្រង់ចំនុចបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវ៤៦៦ ដែលនៅពីមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតែម្តង ដោយសភាពផ្លូវត្រង់ចំនុចនេះបច្ចុប្បន្នផ្លូវខូចមានជាជង្ហុកធំៗ តែមិនឃើញមានមន្ត្រីជំនាញរបស់មន្ទីរសាធារណការរាជធានីភ្នំពេញចុះមកជួសជុលនោះទេ ដែលបង្កឲ្យជង្ហុកនោះកាន់តែធំទៅៗរហូតលេចចេញសសៃដែក ច្រងេងច្រងាង បង្ករជាការរិះគន់និងផលលំបាកដល់អ្នកអ្នកដំណើរឆ្លងកាត់ ហើយពេលខ្លះពេលបើកបរឆ្លងកាត់ទីតាំងនេះម្តងៗ កើតមានគ្រោះថ្នាក់ទៀត
ដោយសារតែការជិះគេចជង្ហុកទាំងនេះ។
សូមបញ្ជាក់ថាកាលពីពេលកន្លងទៅឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានផ្តល់នៅប្រភេទម៉ូតូកង់៣ដែលបំពាក់ដោយឧបករណ៌ជួសជុលផ្លូវមួយចំនួនជាបឋមក្នុង ការជិះពិនិត្យមើល និងជួសជុលផ្លូវនានាដែលមានបញ្ហាសម្បុកមាន់ដល់ក្រុមការងារមន្ទីរសាធារណការ តែមកទាល់ពេលនេះគេនៅមិនទាន់ឃើញសកម្មភាពរបស់ក្រុមការងារមន្ទីរសាធារណការរាជធានីភ្នំពេញ អាចឆ្លើយតបមានប្រសិទ្ធិភាពចំពោះបញ្ហាសម្បុកមាន់តាមផ្លូវនានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបាន នៅឡើយទេ ដោយទីតាំងសម្បុកមាន់ខ្លះរីកធំទៅៗ ជាក់ស្តែងដូចជាទីតាំង នេះតែម្តង៕អត្ថបទ៖ គិន ច័ន្ទពុទ្ធិ