ទន្លេមេគង្គកំពង់ចាមបានស្រកចុះ ប៉ុន្តែពលរដ្ឋដែលរងផលប៉ះពាល់កើនឡើង ​ជិត៣ម៉ឺនគ្រួសារ​
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ មកដល់ថ្ងៃច័ន្ទនេះ សង្កេតឃើញថា អាកាសធាតុនៅខេត្តកំពង់ចាមមានលក្ខណៈស្រទុំ នឹងមានភ្លៀងធ្លាក់តិចតួចបំផុត ហើយស្ថានភាពកំពស់ទឹក ទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមក៏បានស្រុកចុះបន្តិចមកត្រឹម១៥,២៨ម៉ែត្រ កំពស់ទឹកនាពេលនេះគឺកំពុងស្ថិតនៅលើសចំណុចប្រកាសអាសន្ន ១៥,២០ម៉ែត្រ នៅឡើយ។ហើយទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនៅរយះពេល៣ថ្ងៃបន្ទាប់ទៀត ទឹកទន្លេនឹងបន្តស្រកចុះថែមទៀតមកត្រឹម ១៤,៨៣ម៉ែត្រ នេះបើយោងការព្យាករណ៍របស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧត្តុនិយមដែលបាន បញ្ជាក់នៅព្រឹកថ្ងៃទី ១៣សីហាឆ្នាំ២០១៨នេះ។


បើទោះបីជាស្ថានភាពកំពស់ទឹកទន្លេមេគង្គបានចាប់ផ្តើមស្រកចុះបន្តិចក្តី ប៉ុន្តែទំហំផលប៉ះពាល់មានការកើនឡើងដល់ជិត៣ម៉ឺនគ្រួសារ រួមទាំងមនុស្ស និងសត្វជាច្រើនត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាព។ ដោយក្នុងនោះបើយោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គឺមានផ្ទះ២២.០៤២ខ្នងផ្ទះ បានលិចលង់ និងគ្រួសារចំនួន២៨.១៥៥គ្រួសារ រួមទាំងផលដំណាំកសិកម្មផ្សេងរាប់ពាន់ហិចតាក៏ទទួលរងផលប៉ះពាល់ផងដែរ ស្ថិតនៅក្នុងឃុំទាំង៤៩ ក្នុងខេត្តកំពង់ចាម ជាមួយគ្នានេះសត្វគោក្របី សេះ និងជ្រូកជាង១៥០០ក្បាល រួមទាំងប្រជាពលរដ្ឋចំនួន៧០៥គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្សេងៗគ្នាចំនួន៦២កន្លែង ដែលទីទួលសុវត្ថិភាពខ្លះជាសាលារៀន វត្តអារាម និងតាមផ្លូវសាធារណៈជាដើម។ ក្រៅពីការលិចលង់ខាងលើនេះផ្លូវនានានៅក្នុងភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរបាទេ ក្នុងនោះផ្លូវដី ផ្លូវបេតុង និងផ្លូវកៅស៊ូ ប្រមាណ១៦០គីឡូម៉ែត្រ ស្ថិតនៅក្នុងក្រុងនិងស្រុកទាំង៩ក្នុងខេត្តកំពង់ចាមត្រូវបានលិចលង់ជាបន្តបន្ទាប់។


គួរបញ្ជាក់ថាស្ថានភាពកំពស់ទឹកទន្លេដែលបានកើនឡើងនេះគឺក្រុងកំពង់ចាមទទួលរងផលប៉ះពាល់ស្រាលជាងគេ ហើយទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺឃុំទាំង១១នៃស្រុកកងមាស ខេត្តកំពង់ចាម។
ជាមួយគ្នានេះក្នុងនាមរដ្ឋបាលខេត្តកំពង់ចាមដែលមានឯកឧត្តម គួច ចំរើន ជា អភិបាលខេត្តកំពង់ចាមក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយដែលបណ្តាលឲ្យប៉ះពាល់ដល់អាតយុជីវិត ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជនមានពិការភាព និងចាស់ជរា ហើយចំពោះស្ថាប័នពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវត្រៀមជាប្រចាំក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋប្រសិនបើមាន ការណីកើតឡើង ណាមួយ។ ហើយឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវពិសារនិងហូបទឹកស្អាត ហើយប្រសិនបើមានសត្វអសិរពិសខាំ ឫចឹកត្រូវប្រញាប់បញ្ចូនទៅកាន់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក ឫប៉ុស្ត៍សុខភាពដែលនៅកៀកបំផុត៕ (អត្ថបទ៖ ហ៊ាង ថាច )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation