បង្គោលភ្លើងបំភ្លឺផ្លូវ១០០ដើម ត្រូវបានបំពាក់នៅតាមដងផ្លូវក្នុងខេត្តប៉ៃលិន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបទល្មើសផ្សេងៗ
| ព័ត៌មានជាតិ
SHARE

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ រួមជាមួយក្រុមហ៊ុនចិន បានចុះបំពាក់បង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅតាមដងផ្លូវជាតិក្នុងខេត្តប៉ៃលិន។

អភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល បានចាត់ទុកថា ទាំងនេះគឺដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ នៅតាមដងផ្លូវជាតិ ក្នុងខេត្តប្រមាណ ១០០ដើម ពីព្រោះនៅពេលយប់ងងឹតខ្លាំង ហើយឩស្សាហ៌កើតមានគ្រោះថ្នាក់ចរាចរណ៌ជាញឹកញាប់ ជាពិសេសនៅចំនុចផ្លូវបំបែក ផ្លូវកោង និងផ្លូវកន្លែងស្ងាត់ជាដើម ក្នុងគោលបំណងដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗឲ្យបានជាអតិបរិមា នៅតាមដងផ្លូវសាធារណៈក្នុងខេត្តប៉ៃលិន ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវក្នុងពេលរាត្រីនេះមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺជួយសម្រួលដល់អ្នកដំណើរជាតិនិងអន្តរជាតិ ព្រមទាំងរថយន្តដឹកទំនិញតូចធំ ដែលបានធ្វើដំណើរឆ្លងកាត់ទាំងយប់ទាំងថ្ងៃរៀងរាល់ថ្ងៃផងដែរ ជាពិសេសបានជួយលើកកម្ពស់ដល់សម្រស់និងសោភ័ណភាពខេត្តនាពេលរាត្រី ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកំសាន្ត នៅលើទឹកដីនៃខេត្តប៉ៃលិនឱ្យមានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។
នៅក្នុងឱកាសនៃការចុះពិនិត្យបង្គោលភ្លើងដែលត្រូវបំពាក់នាពេលនេះដែរ ឯកឧត្តម ផាន់ ចាន់ធុល បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្បែរបង្គោលភ្លើង សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។

សូមបញ្ជាក់ថា បង្គោលភ្លើងបំភ្លឺផ្លូវប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលដាក់នៅតាមដងផ្លូវជាតិក្នុងខេត្តប៉ៃលិននាពេលនេះ គឺប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត ហើយក្រុមហ៊ុនចិនជាអ្នកអនុវត្តន៍គម្រោង ដោយក្នុង១ដើម តម្លៃប្រមាណជិត ១០០០ដុល្លា ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានសំដែងនូវអំណរគុណចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានចុះបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជូនប្រជាពលរដ្ឋតាមសំណូមពរ និងបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋរង់ចាំយូរឡើយ ៕
អត្ថបទ ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation