ទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងសម្លាប់មនុស្ស ៣នាក់ - CNC News
ទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងសម្លាប់មនុស្ស ៣នាក់
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ មនុស្សចាស់ក្មេងសរុបចំនួន៣នាក់បានស្លាប់ជាបន្តបន្ទាប់ចាប់តាំងកើតមានទឹកជំនន់កាលពីថ្ងៃទី២៧ខែកក្តដាមកទល់បច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់របស់លោក ឈាង ឡាក់ អភិបាលស្តីទីខេត្តស្ទឹងត្រែង នាឱកាសលោកអភិបាលខេត្តកំពង់ស្ពីនាំអំណោយចុះចែកជូន ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់នៅថ្ងៃទី១០ ខែសីហានេះ។

អភិបាលស្តីទីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ចំនួន២នាក់បានស្លាប់ដោយគ្រោះទឹកជំនន់ និងក្មេងម្នាក់ទៀតបានលង់ទឹកស្លាប់នៅក្រុងស្ទឹងត្រែង។

លោក អ៊ុក ចាន់ថន អភិបាលរងស្រុកឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បញ្ជាក់ថា ស្រុកថាឡាបរិវ៉ាត់មាន១១ឃុំស្មើ៤៤ភូមិ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន៩៦២៩គ្រួសារ និងប្រជាពលរដ្ឋសរុប៤២.៥៨៧នាក់។ លោកអភិបាលរងបន្តថា ឃុំដែលរងគ្រោះដោយទឹកជំនន់មានចំនួន៧ឃុំ ស្មើ២៩ភូមិ ហើយប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន៧៩០គ្រួសារស្មើ៣
៥៥៩នាក់។

លោកអភិបាលរងស្រុកឡាបរិវ៉ាត់ បន្តថា សម្រាប់ស្រុកថាឡាបរិវ៉ាត់មានប្រជាពលរដ្ឋចំនួនពីរនាក់ដែលបានបាត់បង់ជីវិតកំឡុងគ្រោះទឹកជំនន់
ហក់ឡើងលើសកម្រិតប្រកាសអាសន្ននោះ។ លោកបន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋរងផលប៉ះពាល់នោះអាជ្ញាធរមានសមត្ថកិច្ចបាន
ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន៥គ្រួសារស្មើ២៤នាក់។ក្រៅពីនោះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវរងគ្រោះដែរក្នុងនោះរួម
មានដំណាំស្រែស្រូវចំនួន៤៨៤.៦ហិកតា,ចំការ២០១.៦ហិកតា, ផ្ទះ៩២ខ្នង, ផ្លូវលំ៤៥៨៥ម៉ែត្រ, ស្ពាន១៦កន្លែងនិងលូចំនួន២២កន្លែងត្រូវ
លិចលង់។

លោក ឈាង ឡាក់ អភិបាលស្តីទីខេត្តស្ទឹងត្រែងបានថ្លែងនាឱកាសនោះថាបន្ទាប់ការបាក់ទំនប់វារីអគ្គីសនីនៅប្រទេសឡាវ ដែលស្ថិតលើខ្សែទឹកសេកុងបង្ករឱ្យស្រុកសៀមប៉ាងបានជន់លិចមុនគេ ហើយស្រុកនិងក្រុង ចំនួន៤ទៀតបន្តជន់លិចបន្តបន្ទាប់ ហើយជាការឆ្លើយតបអាជ្ញាធរបានចុះសិក្សាវាយតម្លៃផ្ទាល់និងបានសង្គ្រោះប្រជាពលរដ្ឋពីលំនៅស្ថានទៅកាន់ទីទួលសុវត្ថិភាពនិងចែកជូនអំណោយជូនពលរដ្ឋរងគ្រោះ។

លោកថា ហើយថ្ងៃនេះខេត្តស្ទឹងត្រែងមានការរំភើបជាខ្លាំងដែលលោកអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំគណៈ ប្រតិភូរបស់ខ្លួនធ្វើដំណើដ៍ឆ្ងាយនាំយក អំណោយមកចែកជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារមកពីឃុំចំនួន៤ដែលរងផលប៉ះពាល់ពីទឹកជំនន់។
នាឱកាសនោះឯ.ឧ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានសម្លែងការសោកស្តាយចំពោះពលរដ្ឋខេត្តស្ទឹងត្រែងដែលបានរងផលប៉ះពាល់ពី គ្រោះទឹកជំនន់។ លោកអភិបាលបន្តថា អំណោយទាំងនេះទោះបីគ្រួសារនីមួយៗទទួលបានមិនច្រើនក្តី តែវាអាចជួយដោះស្រាយបានមួយចំណែកផងដែរ។

អំណោយរបស់អភិបាលខេត្តកំពង់ស្ពឺនាំមកចែកជូនប្រជាពលរដ្ឋខាងលើនេះមាន ចំនួន៤០០គ្រួសារមកពីឃុំចំនួន៤គឺឃុំអូររៃ
ឃុំកាំងចាម ឃុំថាឡា និងឃុំកោះស្នែង គ្រួសារនីមួយៗទទួលបានអង្កមូយបេស្មើ២៥គីឡូក្រាម ទឹកស៊ីអ៊ីវមួយយួ ទឹកត្រីមួយយួ
ត្រីខកំប៉ុងមួយយួ និងមីមួយកេស៕
អត្ថបទ ៖ ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation