ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់ក្នុងរាជធានីភ្នំពេញមិនទាន់មាន​ការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ - CNC News
ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់ក្នុងរាជធានីភ្នំពេញមិនទាន់មាន​ការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនាល្ងាចថ្ងៃទី​ ០៤ ខែឧសភានេះ ក្រសួងបរិស្ថានបានប្រកាសដល់សាធារណជនថា នាពេលថ្មីៗ​នេះ មានការផ្សព្វផ្សាយព័ត៌មានថា ស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ​បាននិងកំពុងទទួល​រង​នូវការ​បំពុល​លើសពីកម្រិតសុវត្ថិភាពសុខភាព ដែលព័ត៌មាននេះអាចបង្កឱ្យសាធារណជនមានការយល់ច្រឡំ និង​ព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈ។

ជុំវិញបញ្ហានេះ ក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា​​ ចាប់តាំងពីឆ្នាំ២០០៣ រហូត​មក​ដល់បច្ចុប្បន្ន ក្រសួងបានធ្វើការអង្កេតតាមដានគុណភាព​ខ្យល់នៅតាមបណ្តាទីក្រុងធំៗក្នុង​ព្រះរាជា​ណាចក្រ​​កម្ពុជា ជាពិសេស​នៅក្នុងរាជធានី​ភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃអំពីស្ថានភាព​គុណភាព​ខ្យល់សំដៅ​ធានា​ដល់សុខភាពសាធារណៈ។​ នៅឆ្នាំ២០១៧ ក្រសួងបរិស្ថាន​​បានបំពាក់បន្ថែម​នូវឧបករណ៍សម្រាប់​តាមដាន​គុណភាព​ខ្យល់លើភាគល្អិតនិចល PM10 និង PM2.5 ដែលជាប្រភេទភាគល្អិត​បង្កផលប៉ះពាល់​ដល់ផ្លូ​វ​ដង្ហើម​ធ្ងន់ធ្ងរ។ លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និង​នៅ​ក្នុង​រាជធានីភ្នំពេញ​បាន​បង្ហាញ​ថា រាល់ប៉ារ៉ាម៉ែត្រ​ទាំងអស់សុទ្ធតែ​ស្ថិតនៅក្រោម​កម្រិតកំណត់ស្តង់ដារនៅ​ឡើយ ពោលគឺមិនទាន់មាន​ការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជន​ជ្រាប​ជា​ព័ត៌មាន និងកុំមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការ​ធ្វើដំណើរ និងប្រកបមុខរបរនៅតាមទីសាធារណៈ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាននឹងបន្តតាមដានស្ថានភាពគុណភាពខ្យល់នៅតាមទីក្រុងធំៗ និង​នៅ​ក្នុង​រាជធានីភ្នំពេញ​​ឱ្យបានជាប់ជាប្រចាំ និងធ្វើសេចក្តីជូន​ដំណឹង​ដល់សាធារណជនឱ្យបានជ្រាប ប្រសិនបើមានភាពមិន​ប្រក្រតី​ណាមួយកើតឡើង៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation