រយៈពេល៧ ខែ កម្ពុជាប្រមូលចំណូលពន្ធ-អាករ បានជាង១៣៥៦លានដុល្លារ កើនជាង១៥%
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេល ០៧ ខែ ដើមឆ្នាំ២០១៨ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៥ ៤២៥,៥៦ ពាន់លានរៀល (ប្រមាណជា ១ ៣៥៦,៣៨លានដុល្លារអាមេរិក) ឬស្មើនឹង ៧០,២៤%។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងកិច្ចប្រជុំ នាថ្ងៃទី១០ខែសីហានេះថា ប្រសិនបើប្រៀបធៀបនឹងរយៈពេល៧ខែ ដើមឆ្នាំ២០១៧ ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុង ៧ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន ៧០៨,៥៦ ពាន់លានរៀល (ប្រមាណ ១៧៧,១៤ លានដុល្លារអាមេរិក) ស្មើនឹង ១៥,០២%។

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។

ឯកឧត្តមប្រតិភូ បានបញ្ជាក់ថា កំណើនចំណូលពន្ធក្នុងខែកក្កដានេះ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងថា សាធារណៈជន និងអ្នកវិនិយោគជាតិ និងអន្តជាតិមានជំនឿទុកចិត្តលើ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំដល់មន្រ្តីពន្ធដារទាំងអស់ត្រូវបំពេញតួនាទីជាអ្នកបម្រើរាស្ត្រនិងជាអ្នកផ្តល់សេវាជូនសាធារណៈជន មិនមែនជាអ្នកត្រួតត្រាទេ ហើយត្រូវកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តមបានណែនាំដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក។

សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០១៨នេះដែរ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួន ៦៨៩,៧១ ពាន់លានរៀល (ប្រមាណជា ១៧២,៤៣ លានដុល្លារអាមេរិក) ដែលចំនួននេះបើធៀបទៅនឹងចំណូលខែកក្កដា ឆ្នាំ២០១៧ ឃើញថា កើនឡើងចំនួន ១៨៦,៧១ ពាន់លានរៀល (ប្រមាណ ៤៦,៦៨ លានដុល្លារអាមេរិក) ស្មើនឹង ៣៧,១២%៕

អត្ថបទ ៖ បូ ដូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation