ក្រសួងវប្បធម៌ ៖ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្ត គឺជាអាទិភាពធ្វើឲ្យវិស័យមួយនេះឈានឡើង - CNC News
ក្រសួងវប្បធម៌ ៖ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្ត គឺជាអាទិភាពធ្វើឲ្យវិស័យមួយនេះឈានឡើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបានដាក់ការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្ត គឺជាអាទិភាពក្នុងការពង្រឹងសមត្ថភាពអ្នកបច្ចេកទេសភាពយន្តក្នុងស្រុកឱ្យមានកម្រិតឈានឡើង សំដៅលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុកឱ្យកាន់តែល្អប្រសើរឡើង សម្រាប់បំពេញសេចក្តីត្រូវការរបស់ទស្សនិកជនក្នុងស្រុក និងឈានទៅរកការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង និងជំនាញថតភាពយន្ត នៅឯនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែសីហានេះ ឯកឧត្តមបានបញ្ជាក់ថា យុវជន គឺជាធនធានដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការទទួលបានការបណ្តុះបណ្តាល ចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការសរសេរអត្ថបទភាពយន្ត ការដឹកនាំរឿង និងការថតរឿង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា ដែលកំពុងប្រឈមការហូរចូលផលិតផលភាពយន្តបរទេស។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា យុវជនកម្ពុជាជាង៩០នាក់ ត្រូវបានទទួលការបណ្តុះបណ្តាលលើវិស័យភាពភាពយន្តជាតិរយៈពេល៣ខែ ពីគ្រូនិពន្ធ ដឹកនាំរឿង និងបច្ចេកទេសទាំងក្នុងស្រុក និងបរទេស ដែលមានជំនាញ និងបទសោធន៍ជាង៣០ឆ្នាំមកហើយ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ មានផលិតកម្មភាពយន្តក្នុងស្រុកចំនួន៣០រឿងហើយ ដែលសុំអនុញ្ញាតថត ចំណែកផលិតកម្មបរទេសដែលស្នើសុំថតនៅកម្ពុជាដែរនោះមានចំនួន២០គម្រោងពាក់ព័ន្ធពាន់ នឹងការថតភាពយន្តឯកសារ៕
អត្ថបទ ៖ អ៊ាង គង្គា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation