ប.ស.ស ៖ ក្នុងខែកក្កដាមានកម្មកររងគ្រោះថ្នាក់ចរាចរ ក្នុងពេលទៅនិងមកបំពេញការងារនៅទូទាំងប្រទេសចំនួន ១៨៣នាក់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ក្នុងពិធីចែកបណ្ណបើកបរដល់ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រសាប្រីណាចំនួន៦៨នាក់ បានទទួល បណ្ណបើកបរពីបេឡាជាតិរបបសន្តិសុខសង្គមនាថ្ងៃសុក្រនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថា អ្នកបើកបរយានយន្តដឹកកម្មករ កម្មការិនីទាំងអស់ បើចេះច្បាប់ហើយ មានបណ្ណបើកបរហើយ ដាច់ខាត ត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវគោរពក្រមសិលធម៌វិជ្ជាជីវៈជំនាញ ជាអ្នកបើកបរឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងមិនត្រូវ ធ្វេសប្រហែសនោះឡើយ ព្រោះថា អាយុជីវិតកម្មករ កម្មការិនីទាំងអស់ ត្រូវបានពឹងផ្អែកទាំងស្រុងទៅលើអ្នកបើកបរយានយន្ត ទាំងស្រុង ទាំងពេលទៅបំពេញការងារ និងពេលត្រឡប់មកវិញផងដែរ។

ឯកឧត្តម អ៊ុក សមវិទ្យា បញ្ជាក់ថា គ្រោះថ្នាក់ចរាចរ ដែលកើតឡើង ដោយមិនគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ មិនត្រឹមតែ ធ្វើឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ ឬពិការអស់មួយជីវិតនៅលើទ្រូងផ្លូវ សាធារណៈនោះទេ ប៉ុន្តែវាបណ្ដាលឱ្យខាតបង់ សេដ្ឋកិច្ចគ្រួសារ រួមទាំងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

យោងតាមរបាយការណ៍ ពីក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) បានបង្ហាញថា គ្រាន់តែនៅខែកក្កដា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលទៅ និងមកបំពេញការងារ នៅក្នុងទូទាំងប្រទេស មានចំនួន ១៨៣នាក់ ដោយសារការល្មើសច្បាប់ចរាចរណ៍។

ចាប់ពីឆ្នាំ២០១៣ រហូតដល់ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត បានបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរ របស់អ្នកបើកបរយានយន្តដឹកកម្មករ កម្មការិនី មានចំនួន ២២៣លើក មានអ្នកចូលរួមសរុបចំនួន ១០.៤៧២នាក់។ ក្នុងនោះ ផ្ដល់បណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករចំនួន ២៣លើក អ្នកដែលត្រូវទទួលបណ្ណ ចំនួន ២០៦០នាក់។

បច្ចុប្បន្ន ចំនួនយានយន្តដឹកកម្មករនិយោជិតទូទាំងប្រទេសឆ្នាំ២០១៨ មានចំនួន ៤៣៦៩គ្រឿង (រថយន្តទេសចរណ៍ចំនួន ១ ៤៨០គ្រឿង ស្មើនឹង ៣៤% និងរថយន្តប្រភេទដឹកទំនិញចំនួន ២ ៨៨៩គ្រឿង ស្មើនឹង ៦៦%) ក្នុងនោះអ្នកមានបណ្ណ ៣ ៨៥៥នាក់ ស្មើនឹង ៨៨% និងអ្នកគ្មានបណ្ណ ៥១៤នាក់ ស្មើនឹង ១២% ។

តាមរបាយការណ៍នេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន អ្នកកបើកបរយានយន្តដឹកកម្មករចំនួន ១៨% ពុំទាន់មានបណ្ណបើកបរ និងអ្នកបើកបរយានយន្ដដឹកកម្មករចំនួន ៨៥% ផ្សេងទៀត ពុំទាន់មានបណ្ណបើកបរស្របតាមប្រភេទយានយន្ដ ដែលទាមទាឱ្យមានការចូលរួមបណ្ដុះបណ្ដាលបន្ថែមទៀតពីអ្នកបើកបរយានយន្ត ដើម្បីចេះច្បាប់ចរាចរណ៍ និងយកទៅអនុវត្តឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។

សូមជំរាបថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងការប្រឡងទាំងទ្រឹស្ដី និងកាន់ដៃចង្កូតបើកបរ ព្រមទាំងការត្រួតពិនិត្យ យ៉ាងត្រឹមត្រូវ ទៅតាមច្បាប់ដែលបានកំណត់រួចមក ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រសាប្រីណា ចំនួន៦៨នាក់ បានទទួលបណ្ណបើកបរពីបេឡាជាតិរបបសន្តិសុខសង្គម៕

អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation