កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ លក្ខណៈអន្តរជាតិ លើកទី២៣ដោយមានការចូលរួមពីយុវនខ្មែរ និងមកពីបណ្តាប្រទេសនានា៦៧រូប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី១០ ខែសីហានេះ បាន​ប្រារព្ធកម្មវិធី ប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ ជាលក្ខណៈអន្តរជាតិ លើកទី២៣ នៅក្នុងសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីក្នុងឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ក្រោមកិច្ចសហការរួមគ្នារវាង ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, សមាគម Korea Speech​ Eloquence Association និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងទទួលការឧបត្ថម្ភគាំទ្រ អំពីក្រសួងទេសចរណ៍-វប្បធម៌ និងកីឡា, ក្រសួងអប់រំ, ក្រសួងការបរទេស និងក្រសួងបង្រួបបង្រួមជាតិកូរ៉េ។

កម្មវិធីក្នុងថ្ងៃនេះ មានការចូលរួមពីបេក្ខជន-បេក្ខនារីសរុបចំនួន៦៧នាក់ ដែលក្នុងចំណោមនោះ មានបេក្ខជន-បេក្ខនារី ជាជនជាតិបរទេស ចំនួន៣០រូប មកពីប្រទេសវៀតណាម ម៉ាឡេស៊ី ម៉ុងហ៊្គោលី សិង្ហបុរី ជប៉ុន កម្ពុជា ចិន អូស្រ្តាលី ហុងកុង ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ កៀហ៊្សីស៊ីស្ថាន​ និងឥណ្ឌូនេស៊ី ជាដើម រួមទាំងបេក្ខជន-បេក្ខនារី ជនជាតិកូរ៉េ ដែលកំពុងរស់នៅបរទេស ចំនួន១២រូប និងបេក្ខជន-បេក្ខនារីជនជាតិកូរ៉េ ចំនួន២៥រូប តំណាងឲ្យខេត្តក្រុងនានា ក្នុងប្រទេសកូរ៉េ។

សូមជម្រាបថា កម្មវិធី ប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ ត្រូវបានប្រារព្ធឡើង ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៦ ក្នុងគោលបំណង ដើម្បីជួយជម្រុញឲ្យជនជាតិកូរ៉េខាងជើង និងខាងត្បូង សរុប៧០លាននាក់ និងប្រជាជនកូរ៉េ ដែលកំពុងរស់នៅបរទេស សរុបប្រមាណ​៧.៥លាននាក់ អាចប្រើប្រាស់អក្សរ និងនិយាយភាសាកូរ៉េ ឲ្យបានត្រឹមត្រូវច្បាស់លាស់​ ដើម្បីត្រៀមខ្លួន សម្រាប់ការរួបរួមគ្នា ដោយសន្តិភាពរបស់ឧបទ្វីបកូរ៉េ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយ នូវវប្បធម៌ប្រទេសកូរ៉េ និងភាពអស្ចារ្យនៃអក្សរកូរ៉េ៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation