ព័ត៌មានជាតិ

ការស្លាប់ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ កាលពីថ្ងៃទី១ ខែមេសា ជាករណីជម្រិតសម្លាប់

image

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រឡប់ទៅផ្ទះ ក្រោយពីបានទៅលេងទាត់បាល់។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ 

ក្នុងករណីនេះ អង្គភាពការពារកុមារ(CPU)បានទទួលព័ត៌មាននៅថ្ងៃទី១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។ ក្រុមការងារចម្រុះនៃអង្គភាពនេះ ក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។ នៅវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមេសា កុមាររងគ្រោះនៅក្នុងស្ថានភាពបាត់ខ្លួននៅឡើយ ហើយការស៊ើបអង្កេតក៏បន្ត។

នៅវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយត្រូវបានរកឃើញនៅក្នុងព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រ (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។ កន្លែងកើតហេតុត្រូវបានហ៊ុមព័ទ្ធ និងការត្រួតពិនិត្យកន្លែងកើតហេតុ ក៏បានធ្វើឡើង។

អត្តសញ្ញាណសាកសពនេះ ត្រូវបានបញ្ជាក់ថា ជាសាកសពរបស់កុមាររងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ។

អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជម្រិតសម្លាប់ទៅលើកុមារឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រោយអំពិល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមរាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។

អង្គភាពការពារកុមារបានបញ្ជាក់ថា ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែលមាន ដើម្បីកំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើកុមារនេះ៕