ក្រសួងធនធានទឹក ប្រកាសអាសន្នពីស្ថានភាពទឹកជំនន់ ទន្លេនៅកម្ពុជា ក្នុងរយៈពេលពី១ ទៅ​ ៤ថ្ងៃទៅមុខ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី​៩​ ខែសីហានេះ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេនៅក្នុងប្រទេសកម្ពុជាដោយបញ្ជាក់ថា កាលពីថ្ងៃទី៦ខែសីហា​ មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននៅតំបន់ខ្ពង់រាបភាគឦសាននិងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេសេកុង,​ទន្លេសេសាននិងទន្លេស្រែពកដែលបានបង្កធ្វើឱ្យទឹកទន្លេទាំងបីនេះហក់ឡើងបន្តិចបន្តួច​ ហើយប៉ុន្តែនៅថ្ងៃទី ៧​ សីហា​ ភ្លៀងបានបន្តធ្លាក់នៅតំបន់ប៉ាក់សេប្រទេសឡាវក្នុងកម្រិត ១២៣មម តែផ្ទៃដីដែលទទួលរបាយទឹកភ្លៀងនេះមានទំហំតូច​ ពោលគឺភ្លៀងបានធ្លាក់គ្រប់ដណ្តប់ទៅលើទីប្រជុំជនតប៉ាក់សេប៉ុណ្ណោះ។

ក្រសួងធនធានទឹកនិងឧតុនិយមបន្តថាក្រៅពីស្ថានភាពភ្លៀងនៅលើទីតាំងទាំងពីរខាងលើ គឺបច្ចុប្បន្នមានប្រព័ន្ធសម្ពាធទាបមួយបាននឹងកំពុងអូសកាត់អាងទន្លេមេគង្គក្នុងប្រទេសថៃនិងប្រទេសឡាវ ប៉ុន្តែប្រព័ន្ធសម្ពាធទាបនេះនៅមានឥទ្ធិពលខ្សោយដោយបង្កឲ្យមានភ្លៀងធ្លាក់តែក្នុងកម្រិតពីតិចទៅមធ្យមប៉ុណ្ណោះ។

ស្របពេលដែលស្ថានភាពអាកាសធាតុ បែបនេះក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា ស្ថានភាពទឹកជំនន់ទន្លេក្នុងប្រទេសកម្ពុជា នឹងមានការប្រែប្រួលក្នុងរយៈពេល ១​ ទៅ​៤ថ្ងៃខាងមុខ ក្នុងនោះ៖

-នៅខេត្តស្ទឹងត្រែងទៅនឹងកើនឡើងដល់កម្ពស់ ១០,៧៩ ម៉ែត្រ​ ក្នុងរយៈពេល​ ១​ឬ​២​ថ្ងៃទៀត​ ដែលកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ១០,​៧០ ម៉ែត្រ។

-នៅខេត្តក្រចេះនឹងឡើងដល់កម្ពស់​១១,​៩៦ ម៉ែត្រ(កម្ពស់ត្រូវប្រុងប្រយ័ត្ន២២ ម៉ែត្រ) ក្នុងរយៈពេល​២​ឬ​៣ថ្ងៃទៀត។

-នៅខេត្តកំពង់ចាមទើបនឹងឡើងដល់កម្ពស់ ១៥,២៨ម៉ែត្រខ្ពស់ជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន១៦, ២០ម៉ែត្រក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃខាងមុខ។

-ចំពោះទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបនឹងបន្តកើនឡើងសន្សឹមសន្សឹមបន្ថែមទៀត។ដោយឡែកបឹងទន្លេសាបមានកម្ពស់ ៥,៣៣ ម៉ែត្រ គឺនៅមានលទ្ធភាពស្រូបយកទឹកជំនន់បានច្រើនបន្ថែមទៀត។

តាមរយៈ ការព្យាករណ៍ ស្ថានភាពជំនន់ទន្លេ បែបនេះ​ ក្រសួងធនធានទឹក និងឧតុនិយម បាន ស្នើរសូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និង ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation