ឥទ្ធិពលអាកាសធាតុ ៣នឹងធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា មានភ្លៀងនិងខ្យល់បោកបក់ខ្លាំង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសនៅថ្ងៃទី៨ ខែសីហា នេះ ថា យោងតាមការ​ព្យាករណ៍​ កម្ពុជា​កំពុងទទួលរងឥទ្ធិពលអាកាសធាតុចំនួន​៣ ដែលរួមមាន ប្រព័ន្ធសម្ពាធទាបមួយដែលកំពុងអូសកាត់នៅលើអាងទន្លេមេគង្គ និងប្រព័ន្ធសម្ពាធទាបមួយដែលនឹងវិវត្តទៅជាកូនព្យុះដែលស្ថិតនៅចន្លោះកោះហៃណាំនិងក្រុងហុងកុង រួមទាំងខ្យល់មូសុងនិរតី ដែលនឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ឆ្នេរប្រទេសកម្ពុជា ដែល ឥទ្ធិពលអាកាសធាតុទាំងបីនេះ នឹងធ្វើឱ្យ អាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពប្រែប្រួល និងបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា ចាប់ពីថ្ងៃទី ៨​ ដល់ថ្ងៃទី១៤ខែសីហា​ តំបន់មាត់សមុទ្រនៃប្រទេសកម្ពុជាពិសេសខេត្តកោះកុងនិងខេត្តព្រះសីហនុអាចនឹងមានភ្លៀងធ្លាក់ជោកជាំច្រើនជាថ្មីថែមទៀត ហើយលំហរសមុទ្រនឹងមានភ្លៀងខ្យល់បោកបក់រួមនឹងរលកសមុទ្រខ្ពស់ៗ។

ដោយឡែក នៅតំបន់ខ្ពង់រាបនិងបណ្ដាខេត្តស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រហូតដល់ចុងសប្ដាហ៍នេះ ខណៈដែល បណ្ដារាជធានីខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។

ជាមួយនឹងស្ថានភាពអាកាសធាតុបែបនេះក្រសួងធនធានទឹកនិងឧតុនិយម បានស្នើ ឱ្យបងប្អូនប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation