រតនគិរី៖ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានប្រាប់ទូរទស្សន៍ cnc តាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី៨ ខែសីហានេះថា ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃអស់រយៈពេលជាង ២ខែមកនេះ កម្ពស់ទឹកទន្លេស្រែពក បន្តកើនឡើងដល់ដល់ ៨,៩០ ម៉ែត្រ ខណៈដែលចំណុចប្រកាសអាសន្ន ១២ ម៉ែត្រ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរូបនេះ បានឲ្យដឹងទៀតថា ដោយឡែកចំពោះស្ថានភាពកម្ពស់ទឹកទន្លេសេសានវិញ ស្ថិតនៅកម្រិតកម្ពស់ទឹក ៦,៨៦ ម៉ែត្រ ខណៈដែលចំណុចប្រកាសអាសន្ន ៨ ម៉ែត្រ ។
លោក បានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកទន្លេទាំងពីរខាងលើនេះ នៅពុំទាន់ជាការព្រួយបារម្ភនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណា ខាងមន្ទីក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេ បឹង អូរ ព្រែក និងប្រឡាយ អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ខណៈដែលមេឃបាននឹងកំពុងបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូចនេះ៕(អត្ថបទ៖ប៉េស សារី )