សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ខែសីហានេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការសាងសង់វិមានឈ្នះឈ្នះបានដឹកនាំគណៈកម្មាធិការ ចុះទៅត្រួតពិនិត្យ មើលដំណើរការសាងសង់ វិមានឈ្នះឈ្នះ នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមជម្រាបថា ពេលកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានប្រកាសរួចហើយថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ កម្ពុជានឹងប្រារព្ធខួប ២០ឆ្នាំនៃការបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០១៨ នៅទីតាំងវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្របគ្នានេះ កាលពីថ្ងៃម្សិលមិញគណៈកម្មាធិការដឹកនាំ សាងសង់វិមានឈ្នះឈ្នះបានប្រកាសឲ្យដឹងថា វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាពនិងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលបានសាងសង់និងកំពុងសាងសង់យ៉ាងមមាញឺកនោះ គឺគ្រោងនឹងសម្ពោធជាផ្លូវការជាមួយនឹងការប្រារព្ធខួប២០ឆ្នាំនៃសន្តិភាពនេះតែម្តង ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ការប្រកាស បែបនេះ ធ្វើឡើង បន្ទាប់ពីបន្ទប់កិច្ចប្រជុំចង្អៀតមួយស្តីពីការសាងសង់វិមានឈ្នះឈ្នះដែលបានធ្វើឡើងថ្ងៃទី៧ ខែសីហានេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ស្តូបវិមានឈ្នះ ឈ្នះ។


បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអនុប្រធានគណៈកម្មការសាងសង់បានថ្លែងថា មកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានសាងសង់ផ្នែកតួបានចំនួនជាង៨០ ភាគរយហើយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ដោយទំហំដីប្រាំបីហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននឹងក្លាយជាកេរមរតក សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ៕ (អោម ចែតច័ន្ទណារ៉ា)

  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation