ទឹកប្រាក់ជាង១៥ម៉ឺនដុល្លារត្រូវបានអភិបាលខេត្តមណ្ឌលគិរីផ្តល់ជូនសាលាខេត្តក្រចេះសម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងលោកលោកស្រីអភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្តក្រចេះនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨បាទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តមណ្ឌលគិរី​ ដឹកនាំដោយឯឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងសាខាកាកបាទ​ក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលនាំយកនូវថវិកា៨,១០០ដុល្លារ និង២៨,៥០០,០០០រៀលសម្រាប់ជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ក្នុងខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងអំពីស្ថានភាពទឹកទន្លេមេគង្គ និងផលប៉ះពាល់ដោយសារទឹកជំនន់ឲ្យគណៈប្រតិភូខេត្តមណ្ឌលគិរីជ្រាបថា ឆ្នាំនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ឡើងពីដើមខែកក្កដា ដែលមានកម្រិតកម្ពស់ទឹកគួរឲ្យកត់សម្គាល់ ដល់កម្រិតអតិបរមា កម្ពស់ ២១.៨២ម៉ែត្រ គិតត្រឹមម៉ោង១២​ថ្ងៃត្រង់​ ថ្ងៃទី៧ ខែសីហានេះ។ ទន្ទឹមនោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានធ្វើការតាមដាន ផ្តល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា។

ឯកឧត្ដមអភិបាលខេត្តក្រចេះ មានប្រសាសន៍បន្តថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៤និងក្រុង១លើ ២៩ឃុំ/សង្កាត់ នៅជាប់តាមដងទន្លេមេគង្គ និងព្រែកមួយចំនួនដែលផលប៉ះពាល់រួមមានផ្នែកកសិកម្មប៉ះពាល់ស្រូវ ២,២៣៦ហិកតា,​ដំណាំរួមផ្សំ១,០៨៦ហិកតា។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមមាន ប៉ះពាល់ផ្លូវខេត្តប្រវែង ២០០ម៉ែត្រ ផ្លូវលំជនបទប្រវែង ២៦២,២៣០ម៉ែត្រ និងអណ្ដូងស្នប់៥៩កន្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៦,៩៨៤ខ្នងផ្ទះ សាលារៀន ៨១កន្លែង មណ្ឌលសុខភាពនិង​ប៉ុស្តិ៍សុខភាព ៣កន្លែង និងវត្តអារាម ១៨កន្លែង។ 

ក្នុងនោះ ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មានចំនួន ១,០៤៤គ្រួសារ និងសត្វគោក្របីសរុបចំនួន ៦,៤៩៨ក្បាល។

ក្នុងជំនួបនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីបានស្ដាប់មតិស្វាគមន៍របស់ឯកឧត្តម វ៉ា ថន អំពីស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដោយទឹកជំនន់ ទៅលើប្រជាពលរដ្ឋ នៅទូទាំងខេត្តក្រចេះ   ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគីរីនិងសាខា កាកបាទ​ក្រហមកម្ពុជាខេត្តមណ្ឌលគិរី សូមសម្តែង​ការចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់កំពុងកើតមានឡើងនេះ។

ក្នុង​ជំនួប​នេះ ឯឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានប្រគល់ ថវិការបស់រដ្ឋបាលខេត្តនិងថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចំនួន៨,១០០ដុល្លារនិង២៨,៥០០,០០០រៀល ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ។ 

ជាមួយនឹងអំណោយថវិកានេះ ឯកឧត្ដមខេត្តមណ្ឌលគិរីបញ្ជាក់ថា នេះគឺវប្បធម៌នៃការចែករំលែកគ្នា រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ និងបង្ហាញពីឆន្ទៈ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គី ខ្មែរចេះជួយខ្មែរ ក្នុងគ្រាមានអាសន្ន និងក្នុងនាមខ្មែរតែមួយ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ជាការឆ្លើយតប ឯកឧត្ដម   វ៉ា ថន អភិបាលខេត្តក្រចេះក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះឯកឧត្តម ស្វាយ សំអ៊ាង រួមជាមួយគណៈប្រតិភូអមដំណើរ​ ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរីទាំងមូល ដែលបាន​យកចិត្តទុកដាក់ គិតគូរ ផ្តល់ថវិកា​ជួយសម្រាល​ការលំបាក​ដល់ប្រជាជន​ នៅក្នុងខេត្តក្រចេះដែលរងគ្រោះធម្មជាតិដោយសារទឹកជំនន់ក្នុងពេលនេះ៕(អត្ថបទ៖ នាង ចាន់ថា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation