គ.ជ.ប.៖ ក្រោយការពិនិត្យផ្ទៀងផ្ទាត់ មិនបានរកឃើញនូវកំហុសណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតឡើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃនេះអ្នកនាំពាក្យគ.ជ.ប. បានចេញសេចក្ដី​ប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសរបស់គ.ជ.ប. បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជាតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ បានបញ្ចប់កាលថ្ងៃទី៦ ខែសីហាម្សិលមិញនេះ។

គ.ជ.ប. បន្តថា​ ការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលបានចំណាយពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី៦ ខែសីហា ហើយក្រុមត្រួតពិនិត្យនីមួយៗបានអនុវត្តការងារត្រួតពិនិត្យរបស់ខ្លួន នៅចំពោះមុខតំណាងគណបក្សនយោបាយ,​ អ្នកសង្កេតការបោះឆ្នោត និងអ្នកសារព័ត៌មាននៃទីស្តីការគ.ជ.ប.។

តាមរយៈសេចក្តី​ប្រកាសដដែលនេះគ.ជ.ប. បញ្ជាក់ថា ក្រុមការងារបានធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលឡើងវិញ ដោយមិនបានរកឃើញនូវកំហុសណាមួយ ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតដែលរាជធានីខេត្ត បានបញ្ជាក់នៅក្នុងតារាងបូកសរុប លទ្ធផលនៃការបោះឆ្នោត ក្នុងរាជធានីខេត្ត ទ.១១១០, កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានីខេត្ត ទ.១១១១ និងលទ្ធផលនៃការបោះឆ្នោត ក្នុងរាជធានីខេត្តទ.១១១៤ ឡើយ។ ហើយលទ្ធផលនៃការត្រួតពិនិត្យនេះ ភាគីដែលចូលរួមជាសាក្សីទាំងអស់ បានឯកភាព ជាពិសេស តំណាងគណបក្សនយោបាយ បានចុះហត្ថលេខាលើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះទៀតផង ហើយគ.ជ.ប.អះអាងថា ស្ថាប័នរបស់ខ្លួនមានការត្រួតពិនិត្យបានល្អិតល្អន់ជាច្រើនដំណាក់កាល ដើម្បីជៀសវាង​ការភាន់ច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។

តាមរយៈសេចក្តី​ប្រកាសព័ត៌មាននេះ គ.ជ.ប. រំលឹក​ថា ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃទី២៩ និង៣០ខែកក្កដា កន្លងទៅនេះ​គឺគ.ជ.ប. ធ្វើឡើងដោយផ្អែកលើទម្រង់បែបបទកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២តែមួយគត់ ហើយទម្រង់នេះ បាននិងកំពុងបន្តបង្ហោះនៅលើគេហទំព័រ របស់គ.ជ.ប.។

ជាមួយគ្នានេះ គ.ជ.ប. បានបញ្ជាក់ជាថ្មីថា គ.ជ.ប. នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិទី៦ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខ តាមរយៈ វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា៕ (អោម ចែតច័ន្ទណារ៉ា )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation