សេវាដឹកជញ្ជូនសំរាមក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុងមិនទាន់បំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋនៅឡើយ
| ព័ត៌មានជាតិ
SHARE

(​កោះកុង)៖ ដោយមើលឃើញភាពជាក់ស្តែង នៅតាមបណ្តោយផ្លូវជាតិ៤៨ ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មកដល់ត្រង់ចំណុចគល់ស្ពានកោះកុង នៅតែមានការចោលសំរាមជាហូរហែ ជាពិសេសនៅតាមច្រកផ្លូវតូចៗចូលទៅក្នុងភូមិ ប្រជាពលរដ្ឋតែម្តង។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរស្រុកមណ្ឌលសីមា បានចាត់វិធានការហាមឃាត់ ការចោលសំរាម នៅតាមផ្លូវសាធារណៈ ដោយអះអាងថា ខាងអាជ្ញាធរ បានចាត់ចែងទីលានចោលសំរាមបណ្តោះអាសន្នមួយកន្លែងនៅតាមបណ្តោយផ្លូវទៅឆ្នេរបាក់ខ្លង ទល់មុខឆ្នេរ២០០០ ដែលមានដាក់ស្លាកសញ្ញាថា កន្លែងចាក់សំរាមបណ្តោះអាសន្ន។

តាមការឲ្យដឹងពីលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានអះអាងថា លោកបានតាមដានឃើញមានការចោលសំរាម របស់ប្រជាពលរដ្ឋ នៅតាមចិញ្ចើមផ្លូវសាធារណៈ តាមប្រឡាយនិងតាមមាត់លូដែលជាចំណុចបង្ហូរទឹកមិនឲ្យមានការកកស្ទះ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ជាពិសេសត្រង់ចំណុចភូមិថ្មី ភូមិចាំយាមនោះតែម្តង។

ការប្រឈមរាល់បញ្ហាខាងលើនេះ ត្រូវបានដាក់បន្ទុកលើអាជ្ញាធរស្រុកទាំងស្រុង ខណៈដែលស្រុកមួយនេះ នៅមិនទាន់មានក្រុមហ៊ុន វិនិយោគលើសេវា ប្រមូលសំរាមនៅឡើយ ដោយលោកអភិបាលស្រុកបានលើកឡើងថា ធ្លាប់មានក្រុមហ៊ុនជាច្រើនចូលមកវិនិយោគដែរ ប៉ុន្តែមិនអាចធ្វើទៅបាន ដោយសម្អាងទៅលើប្រជាពលរដ្ឋមានចំនួនតិចតួច និងការបង់ថ្លៃសេវាដឹងជញ្ជូននៅមានកម្រិតទាប ប្រជាពលរដ្ឋខ្លះហ៊ានបង់ជូនត្រឹមចន្លោះពី១.០០០៛ ដល់២០០០៛, ៥.០០០៛និង១.០០០០៛ បានត្រឹមតែជាជីវករប៉ុណ្ណះ ទាំងនេះហើយដែលធ្វើឲ្យក្រុមហ៊ុនគេមានការខាតបង់ដើមទុន មិនវិនិយោគ។

ការវិនិយោគលើសេវាប្រមូលសំរាម មិនត្រូវថ្លៃគ្នាក្នុងស្រុកមួយនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការធុញថប់ តប់ប្រមល់ និងរឿងសំរាម ពេញពោរហូរហៀរក្នុងផ្ទះបាយ មិនដឹងដោះស្រាយតាមវិធីណា មានតែបង្ខំចិត្តរកកន្លែងគួរសមរៀងៗខ្លួនតាមអ្វីដែលអាចធ្វើទៅបាន។ ដូច្នេះហើយអាជ្ញាធរស្រុក មណ្ឌលសីមា គ្មានអ្វីក្រៅពីណែនាំប្រជាពលរដ្ឋ កុំយកសំរាមចោលពាសវាល ពាសកាល ត្រូវប្រមូលសំរាមគរដុតឲ្យបានស្អាត ស្របតាមការ ណែនាំរបស់បរិស្ថាននិងអាជ្ញាធរស្រុក៕ (អត្ថបទ៖តាំង ស៊ុននី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation