ប្រធានបណ្ឌិត្យនគរបាលកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាបានរធ្វើទំនើបកម្មសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្មនិង សមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
| ព័ត៌មានជាតិ
SHARE

(កណ្តាល)៖ ក្នុងពិធីបើក«វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងសន្តិសុខមូលដ្ឋាន និងវគ្គបំប៉នជំនាញគ្រប់គ្រងជនបរទេស» នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នេះ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យនគរបាលកម្ពុជា មានប្រសាសន៍ថា សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រគោរព វិន័យឲ្យបានល្អខ្ជាប់ខ្ជួន ព្រោះបណ្ឌិត្យ សភានគរបាលកម្ពុជាមិនមានការលើកលែង និងអនុគ្រោះឡើយចំពោះអ្នកដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌបណ្ដុះបណ្ដាលពោលគឺត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរៀនឲ្យចេះមិនមែនរៀនតែចប់ដើម្បីបង្គ្រប់កិច្ចនោះទេ។

នាយឧត្តមសេនីយ៍ សេង ផល្លី បានបញ្ជាក់ទៅកាន់សិក្ខាកាមដែលចូលរួមចំនួន ១៥០នាក់ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួនទាំងកងកម្លាំងនគរបាលជាតិ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រីកសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីធានាបាននូវកិច្ចការពារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីឈានទៅសម្រេចបាននូវ គោលនយោបាយនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្សប្រចាំឆ្នាំ និងផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងគោលនយោបាយ ស្មារតី សម្ភារ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ មន្រ្តីនគរបាលជាតិឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម​ សេង ផល្លី បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលទាំងពីរនេះមានសារសំខាន់ណាស់ ព្រោះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃ សភាណការណ៍ សន្តិសុខជាតិនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាពចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលកំពុងខ្វះ ធនធានមនុស្សផ្នែកគ្រប់គ្រងសន្តិសុខមូលដ្ឋាននិងគ្រប់គ្រងជនបរទេសក្នុងការបំពេញការងារឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់លើការកសាងវប្បធម៌គុណភាពក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិឲ្យមានសមត្ថភាពនិង លក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមតម្រូវការជាក់ស្តែងរបស់អង្គភាពសាមី និងសង្គមជាតិទាំងមូល។ ដើម្បីកសាងបានវប្បធម៌គុណភាពបណ្ឌិត្យសភានគរបាល កម្ពុជាបានប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួនគឺ គុណភាពក្រមសីលធម៌វិជ្ជាជីវៈវិន័យនិងឧត្ដមភាព បានដាក់ចេញផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ២០១៥-២០១៩ រឹតបន្ដឹងវិន័យ កំណត់ប្រព័ន្ធវាយតម្លៃសិក្សាកំណត់ស្តង់ដារគុណភាពនឹងធ្វើកំណែទម្រង់លើការដឹកនាំគ្រប់គ្រង ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍកម្មវិធីអប់រំនិងការអភិវឌ្ឍរចនាសម្ព័ន្ធនិងសម្ភារសិក្សាព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ គឺគោលការណ៍សមធម៌ គោលការណ៍មិនលំអៀង និងគោលការណ៍នៃវប្បធម៌គុណភាព៕ (អត្ថបទ៖ឃឹម វិសាល)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation