ពលរដ្ឋក្រីក្រ១១៧គ្រួសារនៅក្នុងស្រុកឈូកទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
| ព័ត៌មានជាតិ
SHARE


កំពត៖ លោកជំទាវ លាង ហៃជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមជាមួយនឹងសហការី បាននាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១១៧គ្រួសារមកពីឃុំចំនួន១១ នៅក្នុងស្រុកឈូកនៃខេត្តកំពត។


លោកជំទាវ លាង ហៃ ជាវ តាយ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែងមិនថាតែក្នុងខេត្តកំពតទេនៅ ទីណាក៏ដោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពេលណាដែលពលរដ្ឋជួបទុក្ខលំបាក ទីនោះតែងមានវត្តមានកាកបាទក្រហមដើម្បីជួយដោះស្រាយ និងចែករំលែងការលំបាកខ្វះខាតជានិច្ចដោយមិនទុកចោលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។

លោកជំទាវ បានបន្តទៀតថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចេញនូវគោលការណ៍ មិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឲ្យតែពលរដ្ឋណាជួបទុក្ខលំបាកត្រូវតែទទួលបានការយកចិត្តទុក្ខដាក់ ដោះស្រាយ និងចែករំលែកការលំបាកនោះគ្រប់ពេល។

ក្នុងឱកាសនោះដែរ លោកជំទាវបាន នាំនូវសេចក្តីនឹករឭក និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដល់ពលរដ្ឋទាំង១១៧គ្រួសារ ដោយលោកជំទាវ លាង ហៃ ជាវ តាយ ក៏បានបញ្ជាក់ទៀតថា បើទោះបីអំណោយទាំងនេះមិនអាចឆ្លើយតបផ្គត់ផ្គង់បញ្ហាជីវភាពខ្វះខាតបានយូរអង្វែងក៏ពិតមែន ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាតបានមួយគ្រាដែរ។ ដោយបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ជំរុញការងារកសិកម្មដាំដុះចិញ្ចឹមសត្វដើម្បីជីវភាពគ្រួសារប្រសើរឡើងនិងថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាត ផឹកស្អាត ដេកស្អាត ពិសេសមើលថែកូនតូចៗឲ្យបានល្អ ព្រោះរដូវនេះជារដូវបង្កបង្កើនផលព្រមទាំងត្រូវអប់រំកូនចៅឲ្យគោរពច្បាប់ចារាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន។

សូមជម្រាបថាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតដែលបានផ្ដល់ចែកជូនពលរដ្ឋទាំង១១៧គ្រួសារនាឱកាសនោះរួមមានក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ស្ករត្នោត១គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕ (អត្ថបទ៖ ប៉ៃ សុឃីម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation