ស.ស.ស.ក៖«អ្នកសារព័ត៌មាន» មាន «សេរីភាពពេញលេញ» ក្នុងការផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើការវាយតម្លៃ និង សូមសម្ដែងនូវការកោតសរសើរចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលបាន «កំពុងបំពេញតួនាទីដ៏ត្រឹមត្រូវ» ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយសេចក្តីថ្លៃថ្នូរនិងការទទួលខុសត្រូវ ចូលរួមផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោតសកលនៅកម្ពុជាឆ្នាំ២០១៨ ទាំងនៅដំណាក់កាលការឃោសនារកសម្លេងឆ្នោត, នៅចំថ្ងៃបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨, ដំណាក់កាលកំពុងរាប់សន្លឹកឆ្នោត, និងដំណាក់កាលក្រោយថ្ងៃបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ស.ស.ស.ក ដែលចេញផ្សាយនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះ ស.ស.ស.ក បានបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សង្កេតឃើញថា អ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ទទួលបាន «សេរីភាពពេញលេញ» ក្នុងការបំពេញតួនាទីរបស់ខ្លួន។ សារព័ត៌មានក្នុងស្រុកដូចជា វិទ្យុ និង ទូរទស្សន៍ រួមទាំងកាសែតផ្សាយជាភាសាអង់គ្លេសដូចជា៖ The Phnom Penh Post និង Khmer Times បានបែងចែកទំព័រកាសែត និងគេហទំព័ររបស់ខ្លួន ចុះផ្សាយអំពីសកម្មភាពឃោសនារកសំឡេងឆ្នោត នៃបណ្តាគណបក្សនយោបាយចម្រុះគ្នា។ អង្គភាពសារព័ត៌មានក្រៅប្រទេសដូចជា Channel News Asia, RT, Reuters, AP, AFP, Kyodo, NHK, VNA, EPA, Xinhua រួមទាំង វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ជាដើម បានដាក់ភ្នាក់ងារចុះមកយកព័ត៌មាននិងផ្សាយផ្ទាល់ចេញពីក្នុងប្រទេសកម្ពុជា ដោយសេរី និងដោយគ្មានការរារាំង ឬគំរាមកំហែងពីអជ្ញាធរកម្ពុជាឡើយ។

ជាមួយគ្នានេះ ស.ស.ស.ក កត់សំគាល់ថា គ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានរារាំងសិទ្ធិមិនឲ្យចូលយកព័ត៌មាននៅក្នុងពេលឃោសនារបស់គណបក្សនយោបាយណាមួយឡើយ ហើយក៏គ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានរារាំងមិនឲ្យចូលយកព័ត៌មាននៅតាមការិយាល័យបោះឆ្នោតណាមួយនៅទូទាំងប្រទេសនោះទេ។ ស.ស.ស.ក ក៏កត់សំគាល់ឃើញថា៖ មានបណ្តាញផ្សព្វផ្សាយ Online ចំនួន១៧អង្គភាព ត្រូវបានរាំងខ្ទប់ជាបច្ចេកទេសរយៈពេលខ្លីស្របតាមបំរាមថ្ងៃស ដើម្បីធានាបរិយាកាសអព្យាក្រិត្យ និងអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត, បទបញ្ជា, និង ក្រមសីលធម៌នៃការផ្សព្វផ្សាយ ដើម្បីធានាបរិយាកាសនៃការបោះឆ្នោតសកលអនុវត្តបានតាមគោលការណ៍៖ សេរី, ត្រឹមត្រូវ, និង យុត្តិធម៌។ ទោះជាយ៉ាងណា អង្គភាពព័ត៌មានទាំង១៧នៅតែអាចផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន បានដោយសេរីនៅលើបណ្តាញសង្គមរបស់ខ្លួន។

ស.ស.ស.ក បានទទួលស្គាល់អំពីការលំបាករបស់អ្នកសារព័ត៌មាននៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានប្រឌិត Fake Newsដែលបង្កើតឡើងដោយអ្នកនយោបាយនិងសកម្មជននយោបាយមួយចំនួន ដែលបានប្រើប្រាស់បណ្តាញសង្គម ជាមធ្យោបាយផ្សព្វផ្សាយព័ត៌មានបំពុលទាក់ទិនការបោះឆ្នោត៖ ដូចជាការធ្វើយុទ្ធនាការរារាំងសិទ្ធិការបោះឆ្នោត, ការប្រកាសបំប៉ោងចំនួនថ្ងៃបោះឆ្នោតថា មានរយៈពេល៣ថ្ងៃ, ការប្រឌិតថាទឹកថ្នាំជ្រលក់ម្រាមដៃមានសាធាតុពុលធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ដែលតម្រូវឲ្យសារព័ត៌មានផ្លូវការត្រូវខិតខំផ្សាយបំភ្លឺព័ត៌មានបែបនេះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ត្រូវប្រឈមការបែងចែកខ្លឹមសារនៃសេចក្តីថ្លែងការណ៍នានាជាបន្តបន្ទាប់ ដែលប្រាស់ចាកចេញពី «លក្ខណៈបច្ចេកទេសនៃការបោះឆ្នោត» ប៉ុន្តែជា «សេចក្តីថ្លែងការណ៍មានរបៀបវារៈនយោបាយ»។

ស.ស.ស.ក បានលើកទឹកចិត្តនិងគាំទ្រដល់អ្នកសារព័ត៌មានទាំងអស់បន្តប្រកាន់ខ្ជាប់តួនាទីជា «កញ្ចក់ភ្លឺ» ផ្សាយព័ត៌មានជាទូទៅ និងដោយឡែកទាក់ទិនអំពីដំណើរការបោះឆ្នោតនេះបន្តទៀត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់អនុលោមតាមប្រតិទិនរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលកំពុងបន្តការងាររបស់ខ្លួន ទាំងលទ្ធភាពនៃការដោះស្រាយបណ្តឹង ការប្រកាសលទ្ធផលផ្លូវការ និងការប្រកាសសុពលភាពតំណាងរាស្ត្រជាប់ឆ្នោតថ្មីនីតិកាលទី៦ ដើម្បីឲ្យសាធារណៈជនបានជ្រួតជ្រាប។

នៅក្នុងផ្នែកចុងក្រោយនៃសេចក្តីថ្លែងការណ៍របស់ខ្លួន ស.ស.ស.ក បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងដំណើរប្រជាធិបតេយ្យនៅកម្ពុជាដោយផុសផុល ហើយរបាយការណ៍ពី គ.ជ.ប បង្ហាញថា ចំនួនអ្នកបានទៅបោះឆ្នោតមានច្រើនលើសលុបរហូតជិត៧លាននាក់ ស្មើជាង៨២% ហើយក្នុងនោះអ្នកសារព័ត៌មានកម្ពុជាជាច្រើនកុះករបានប្រើប្រាស់សិទ្ធិចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំជាតិផងដែរ។ នេះបង្ហាញថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពចាស់ទុំ ដែលឆ្លុះបញ្ចាំងបានតាមរយៈផ្លែផ្កានៃការបោះឆ្នោតមួយប្រព្រឹត្តិទៅដោយ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានប្រជាជនសូម្បីតែម្នាក់ទទួលរងរបួសនោះឡើយ។ ការបោះឆ្នោតសកលជាប្រវត្តិសាស្ត្រលើកទី៦ ឆ្នាំ២០១៨ កាន់តែមានលក្ខណៈល្អប្រសើរជាងពេលមុនៗ និងក៏បង្កើតបាននូវគ្រឹះឯកភាពជាតិកាន់តែរឹងមាំឡើង។ ការបោះឆ្នោតនេះក៏បញ្ជាក់ថា ប្រជាជនកម្ពុជាបានសម្រេចជ្រើសយកផ្លូវដើរឆ្ពោះទៅមុខតាមគន្លង សន្តិភាព និង ប្រជាធិបតេយ្យ ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាឲ្យរីកចម្រើនបន្តទៀត៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation