កម្មករទូកនេសាទជិត១០០០នាក់ បង្ខំចិត្តចាកចេញពីការងារ ខណៈរដូវវស្សាឆ្នាំនេះជួបខ្យល់និងរលកធំ ជាងឆ្នាំកន្លងមក
| ព័ត៌មានជាតិ
SHARE

កោះ​កុង៖ ទូកនេសាទ ជាច្រើនគ្រឿង នៅក្នុងដែនសមុទ្រខេត្តកោះកុង ត្រូវបានចូលចត តម្រៀបគ្នានៅតាមកំពង់ផែ អស់រយៈពេលជាង២ខែកន្លងមកហើយ ខណៈដែលស្ថានភាពផ្ទៃសមុទ្រ មិនអំណោយផល ស្របពេលដែលកម្ពុជាទទួលរងនូវបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀងផងដែរ។

បញ្ហាគ្រោះធម្មជាតិ ភ្លៀង ខ្យល់ បង្កឲ្យមានរលកធំៗ លើផ្ទៃសមុទ្រ ទាំងនេះបានធ្វើឲ្យមានផលលំបាកដល់ការងារនេសាទ គ្រប់បែបយ៉ាង ថែមទាំងបានរុញច្រានផលនេសាទមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះថែមទាំងបានធ្វើឲ្យបាត់បង់នូវប្រាក់ចំណូល ទាំងម្ចាស់ទូកនេសាទ កម្មករនេសាទនិងកម្មករកំពង់ផែផងដែរ។

កម្មករនេសាទរាប់រយ រាប់ពាន់នាក់ ត្រូវបង្ខំចិត្តចាកចេញពីការងារនេសាទមួយរយៈកាលសិន វិលត្រលប់ទៅស្រុកកំណើត ដើម្បីរកការងារថ្មីធ្វើ ឬក៏ត្រលប់ទៅបង្ករបង្កើនផល ធ្វើស្រែចម្ការ បណ្តោះពេលមួយគ្រា ដើម្បីរង់ចាំស្ថានភាពអាកាសធាតុវិលមកប្រក្រតីវិញ នេះបើតាមការឲ្យដឹងពីលោក ជិ ទុន ជំនួយការកំពង់ផែបាក់ខ្លង បានប្រាប់CNC នៅថ្ងៃទី៥ សីហា២០១៨ នេះ។

លោក ជិ ទុន បានបន្តទៀតថា បញ្ហាអាកាសធាតុនៅឆ្នាំនេះមានលក្ខណធ្ងន់ធ្ងរជាងឆ្នាំមុនៗ ខណៈដែល ភ្លៀងនិង ខ្យល់នៅតែបន្តកើតមានឡើងឥតឈប់ឈរ ថែមទាំងធ្វើឲ្យទិន្នផលនេសាទនៅកំពង់ផែបាក់ខ្លងកាន់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរមួយកម្រិតទៀតមិនអាចឆ្លើយតបនិងតម្រូវការទីផ្សារទាំងក្នុងនិងក្រៅស្រុកបានទាន់ពេលវេលាឡើយ។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងរដូវវស្សាឆ្នាំនេះលំបាកនឹងរំពឹងទុកជាមុនណាស់ មិនដូចឆ្នាំកន្លងមក តាមធម្មតាត្រឹមពាក់កណ្តាលខែកញ្ញា រលកសមុទ្រនឹងវិលមករកសភាពស្ងប់ស្ងៀម ប៉ុន្តែឆ្នាំនេះមិនដឹងជាយ៉ាងណានោះទេ យើងមិនហ៊ានសន្និដ្ឋានបានឡើយ មានតែនាំគ្នាចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់តែប៉ុណ្ណោះ មុននឹងចេញទៅនេសាទ ត្រូវតែពិនិត្យស្ថានភាពរលកសមុទ្រឲ្យបានច្បាស់លាស់ ចៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ៕ (អត្ថបទ៖ តាំង ស៊ុននី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation