ពលរដ្ឋឃុំស្ទឹងកែវនឹងបានឆ្លងស្ពានឈើថ្មីនៅ៣ខែក្រោយ
| ព័ត៌មានជាតិ
SHARE

កំពត៖ ក្រោយពេលស្ពានឈើស្ទឹងកែវត្រូវបានជំនន់ទឹកភ្លៀងកួចផ្តាច់កាលពីថ្ងៃទី ១៩ ខែកក្កដាថ្មីៗនេះ ពលរដ្ឋឃុំស្ទឹងកែវមានការលំបាកក្នុងការធ្វើដំណើរជាខ្លាំង ដោយត្រូវប្តូរពីឆ្លងស្ពានឈើ មកធ្វើដំណើតាមទូក ឆ្លងស្ទឹងកែវវិញ។

ប៉ុន្តែរយៈពេល៣ខែក្រោយ ពលរដ្ឋទាំងអស់ដែលធ្លាប់ប្រើប្រាស់ស្ពានបាក់នោះ នឹងបានធ្វើដំណើរតាមស្ពានឈើថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាវិញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងឱកាសចុះទៅពិនិត្យ វាស់វែង នឹងសម្រេចដាក់ឲ្យសាងសង់ស្ពានស្ទឹងកែវថ្មីនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមអភិបាលខេត្តកំពត បានបន្តទៀតថា ដោយភាពទទួលខុសត្រូវរបស់រដ្ឋបាលខេត្តកំពត ពិសេសដោយទឹកចិត្តស្រលាញ់ យល់ពីទុក្ខលំបាក់របស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន តាមរយៈរូបលោក បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជួយសាងសង់ ស្ពានស្ទឹងកែវថ្មីជូនពលរដ្ឋ។

ឯកឧត្តមជាវ តាយ​ បានបញ្ជាក់ទៀតថា ស្ពានឈើថ្មីនេះគ្រាន់តែជាស្ពានសម្រាប់ឲ្យពលរដ្ឋឆ្លងបណ្តុះអាសន្នប៉ុណ្ណោះ នៅថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីស្វែងរកលទ្ធភាពសាងស្ពានល្អ ធំ មាំ និងជាប់បានយូរជូនប្រជាពលរដ្ឋឆ្លង។

សូម​បញ្ជាក់ថា ស្ពានថ្មីនេះត្រូវសាងសង់នៅទីតាំងស្ពានចាស់ស្ថិតនៅក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត មានទំហំទទឹង៣ម៉ែត្រ និងបណ្តោយ៨០ម៉ែត្រ ត្រូវចំណាយថវិកាសរុបចំនួន ១ម៉ឺន ៥ពាន់ដុល្លារ។ រ៉ឺម៉ក មូតូ គោយន្ត រថយន្តតូចអាចបើកបរឆ្លងកាត់បាន ហើយដោយឃើញពីការលំបាក់ធ្វើដំណើររបស់ពលរដ្ឋ ស្ពាននេះត្រូវសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល៣ខែក្រោយ៕ (អត្ថបទ៖ ប៉ៃ​ សុឃីម)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation