វីងនិងអាល់មិនគ្រុបចាប់ដៃគូសហការក្នុងការ ផ្តល់បទពិសោធនៃការទូទាត់មិនប្រើសាច់ប្រាក់សម្រាប់អតិថិជន ខណៈដែលបណ្តាហាងអាជីវកម្មរបស់ខ្លួនទទួលបានការគាំទ្រយ៉ាងធំធេងពីភ្ញៀវជាតិ និងអន្តរជាតិ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រុមហ៊ុន អាល់មិនគ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង (ខេមបូឌា) លីមីតធីត​ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធទូទាត់ ដោយមិនប្រើសាច់ប្រាក់នៅក្នុងព្រះរាជាណាចក្រ។ កម្មវិធីនេះប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋានយី សាង ដែលជាហាងមួយរបស់ក្រុមហ៊ុន​ អាល់មិន គ្រុប។

ភាពជាដៃគូ​នេះ​នឹង​នាំ​មក​នូវការដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និង ស្គេនកូដ QR ដែលហៅថា "WingPay" និងការទទួលទូទាត់តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ធដៃធំៗ ចំនួនពីររបស់ប្រទេសចិន គឺ "Ali Pay" និង "WeChat Pay" ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប ១៧​កន្លែង នៅកម្ពុជា។


លោកលូ ម៉េង អគ្គនាយក ក្រុមអាល់មិន គ្រុបមានប្រសាសន៍ថា អតិថិជនតែងតែធ្វើការសួរនាំទៅកាន់​ក្រុម​ការងារ​របស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការទូទាត់ប្រាក់ដោយស្គេនកូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរឬទេ។ ដោយមើលឃើញមានសំនើរជាច្រើនពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុបក៏​​ សម្រេ​ច​ចិត្ត ជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់ជូនសេវាកម្មនេះ ដោយហេតុថា ក្រុមហ៊ុនបានមើល ឃើញនូវបទពិសោធជាច្រើនឆ្នាំរបស់ធនាគារមួយនេះក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។


លោកលូ ម៉េង មានប្រសាសន៍ថា “វាគឺជាការតាំងចិត្តរបស់ក្រុមហ៊ុនអាល់ម៉ុន​គ្រុប ក្នុងការផ្តល់ជូននូវសេវាកម្ម​ដែល​ប្រកបដោយភាពច្នៃប្រឌិត ដោយរួមបញ្ចូលចាប់ពីសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច រហូតដល់បទ ពិសោធនៃការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នូវ​សេវាកម្មនេះ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានពីអតិថិជន ជាពិសេសភ្ញៀវទេសចរជនជាតិចិន​រាប់ពាន់នាក់ដែលមកលេងព្រះរាជាណាចក្រកម្ពុជា។”

មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោកចូចូ ម៉ាឡូឡូស អគ្គនាយក​ធនគារឯកទេសវីងបានប្រាប់ឱ្យដឹងថា វីងយល់ច្បាស់ពីតម្រូវការរបស់ដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូន​អតិថិជន​នូវបទពិសោធទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម “WingPay” “Ali Pay” និង “WeChat Pay” នឹងឆ្លើយតបតម្រូវការនេះ និងបង្ហាញប្រាប់ពិភពលោកឲ្យបាន​ដឹងថា ប្រទេសកម្ពុជាកំពុងខិតកាន់តែជិត និងក្លាយជាសង្គមមួយដែល​មានប្រព័ន្ធអេកូនៃការទូទាត់ដោយមិន​ប្រើ​សាច់ប្រាក់។ ​


លោក ម៉ាឡូឡូស មានប្រសាសន៍ថា “ជាផ្នែកមួយនៃប្រព័ន្ធប្រមូលសាច់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត អតិថិជន​ដែលមានកម្មវិធីស្មាតហ្វូនវីង កម្មវិធីAlipay ឬកម្មវិធី WeChat អាចប្រើទូរស័ព្ទរបស់ពួកគាត់ដើម្បី​ស្គេនកូដ QR នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដើម្បីធ្វើការទូទាត់ប្រាក់ដោយចំណាយពេល​ត្រឹមតែ​ប៉ុន្មានវិនាទីប៉ុណ្ណោះ។”


WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ដែលធ្វើឡើងដោយស្គេនកូដ QR ។ វាជាមុខងារ មួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍ជាច្រើននៅលើកម្មវិធីស្មាតហ្វូន​វីង ដែលអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាច្រើនដោយគ្រាន់តែចុចលើទូរស័ព្ទរបស់ពួកគេ។ លើសពីនេះទៀត កម្មវិធី​ស្មាតហ្វូនវីង អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការដូចជាបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទិញទំនិញតាមអនឡាញ។ ល។

ការទូទាត់តាមទូរស័ព្ទចល័តកំពុងក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមភ្ញៀវទេសចរចិន។ ជាង 90% នៃភ្ញៀវទេសចរចិន នឹងជ្រើសយកការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ប្រសិនបើបណ្តាហាងនៅក្រៅប្រទេសជា​ច្រើន​មានផ្តល់សេវាកម្មនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ សេវាកម្ម Alipay ត្រូវបានគេប្រើប្រាស់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា លាវ និងហ្វីលីពីន ដែលមានអ្នកប្រើប្រាស់សញ្ជាតិចិនប្រមាណ ៥២០លាននាក់។

ទន្ទឹមនឹងនេះដែរ​របាយការណ៍ថ្មីមួយរបស់ស្ថានីយទូរទស្សន៍ CNBC បានបង្ហាញថា ប្រជាជនប្រមាណ៨០០លាននាក់បានប្រើ​ប្រាស់​សេវា WeChat ដើម្បីទូទាត់ប្រាក់៕ (អត្ថបទ៖ អៀវ ឈៀងនី, រូបភាព៖ កែវ សារិទ្ធ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation