អគារវះកាត់ជំងឺកុមារថ្មីមួយ របស់មន្ទីរពេទ្យគន្ធបុប្ផា កំពុងត្រូវបានសាងសង់ឡើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងកំណើននៃកុមារកម្ពុជា ដែលបានទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ គណៈគ្រប់គ្រងមន្ទីរពេទ្យបានសម្រេចសាងសង់អគារថ្មីមួយ ដែលមានកម្ពស់បីជាន់នៅលើទីតាំងមន្ទីរពេទ្យគន្ធបុប្ផាទី១ចាស់។

មូលនិធិគន្ធបុប្ផាកម្ពុជាបានបន្តថា អគារថ្មីដែលកំពុងរៀបចំសាងសង់នេះ នឹងមានបន្ទប់វះកាត់ ព្រមទាំងបន្ទប់វះកាត់ជំងឺបេះដូង (Open-heart Surgery) បន្ទប់សង្គ្រោះជំងឺកម្រិតធ្ងន់ បន្ទប់សម្រាកព្យាបាលមុន និងក្រោយវះកាត់ និងបន្ទប់ព្យាបាលផ្សេងៗទៀត។

ជាមួយនឹងការប្រកាស អំពីដំណើរការសាងសង់អគារវះកាត់ថ្មីនេះ​ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ក្នុងគោលបំណងរក្សានិរន្តរភាពនៃការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដល់កុមារប្រកបដោយគុណភាព និងបន្តផ្តល់ភាពញញឹមដល់កុមារ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រោះភាពញញឹមរបស់ពួកគេ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបថា បើយោងតាមការប្រកាសរបស់ក្រសួងសេដ្ឋកិ្ចនិងហិរញ្ញវត្ថុ ដែលគ្រប់គ្រងមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបចំនួន ៣.៥៣៧.៦៤៦.១៥០រៀលនិង៤.៩១៥.០៩៥ដុល្លាសហរដ្ឋអាមេរិក។ ការចូលរួមបរិច្ចាគនេះជាកាយវិការមួយបង្ហាញឱ្យឃើញថា ទាំងសប្បុរសជនទាំងក្នុង ប្រទេសនិង ក្រៅប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាពនៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផ ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខរាជរដ្ឋភិបាលកម្ពុជា តាមរយៈការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើ មូលនិធិគន្ធបុប្ផាស្វីសដែលមានស្រាប់ ដើម្បីនាំមកនូវភាពញញឹម ដល់កុមារកម្ពុជាគ្រប់រូប ព្រោះភាព ញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

គួររំលឹកថា មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ។

គួរកត់សម្ពាល់ដែរថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ មានកុមារឈឺចំនួន ជាង៤៤ម៉ឺននាក់ ត្រូវបានឱពុកម្តាយ អាណាព្យាបាលនាំមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបុប្ផា ឱ្យដឹងថា ក្នុងចំណោមកុមារជាង ៤៤ម៉ឺននាក់នោះ មានកុមារដែលឈឺធ្ងន់ចំនួនជាង ៧ម៉ឺននាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយកុមារជាង ២ពាន់នាក់ទៀតកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល ដែលចំនួន នេះកើនឡើងទ្វេជា ៣ បើធៀបនឹងឆ្នាំ២០១៧។ ក្រៅពីនេះ មានកុមារ ១២.៩៣០នាក់ទទួលបានការវះកាត់ ដូចជាវះកាត់បេះដូង និង វះកាត់ភ្ជិតប្រហោងបេះដូងតាមសរសៃឈាមជាដើម។


មន្ទីរពេទ្យគន្ធបុប្ផាបានសង្កត់ធ្ងន់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់កុមារគ្រប់ៗគ្នា ហើយពុំមានបុគ្គលិកណា ម្នាក់របស់ខ្លួន ឆ្លៀតធ្វើការក្រៅម៉ោងនៅឯគ្លីនិកឯកជនឡើយ៕(អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation