អភិបាលស្តីទីខេត្តប៉ៃលិនអំពាវនាវដល់ភាគីពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់ នូវបទល្មើសព្រៃឈើ​ ជាពិសេសអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ
| ព័ត៌មានជាតិ
SHARE

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដា២០១៨ នាថ្ងៃទី០៣ ខែសីហា នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ក្នុងឱកាសនោះ ឯកឧត្តម ហុក សុផល អភិបាលស្តីទីខេត្តប៉ៃលិន បានបញ្ជាក់ ថា បើគ្មានព្រៃឈើទេ វាបង្កជាគ្រោះធម្មជាតិផ្សេងៗ ដូចជាអាកាសធាតុក្តៅខ្លាំង ខ្វះខាតទឹកប្រើប្រាស់ ទឹកជំនន់ ព្យុះ ភ្លៀង ខ្យល់កន្រ្តាក់ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ ដូច្នេះយើងទាំងអស់គ្នាត្រូវបំផុសស្មារតីដល់មជ្ឈដ្ឋានទូទៅឲ្យចេះស្រលាញ់ធនធានធម្មជាតិ និងចូលរួមដាំដុះថែរក្សាការពារអភិរក្សព្រៃឈើ ដែលទាំងនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសចូលរួមទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើចំការ ហើយត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដើម្បីឱ្យខេត្តរបស់យើងមានពណ៌ប៉ៃតងស្រស់ ខ្យល់អាកាសល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត ក៏ដូចជាការលើកកម្ពស់វិស័យទេចរណ៍ខេត្តប៉ៃលិនឲ្យកាន់តែមានការរីកចម្រើនទៀតផង។


ឯកឧត្តមអភិបាលស្តីទីខេត្តប៉ៃលិន បានលើកឡើងថា ជាច្រើនឆ្នាំមកនេះ យើងបាននាំគ្នាដាំដើមឈើ បានច្រើនណាស់ តែជាលទ្ធផលដើមឈើជាច្រើនត្រូវបានងាប់ទៅវិញដោយកត្តាផ្សេងៗ ដូច្នេះយើងត្រូវរួមគ្នាកែរប្រែឥរិយាបទនេះ ដោយត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដាំ ការថែទាំដើមឈើរបស់យើង ឱ្យរស់រានមានជីវិតនិងធំលូតលាស់បានល្អ ។

ឯកឧត្តម បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋភិបាល កម្ពុជាគឺផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងអភិរក្សធនធានព្រៃឈើសំដៅធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបរិស្ថានសំរាប់មនុស្សជំនាន់បច្ចុប្បន្ននិងតទៅអនាគត ហើយទន្ទឹមនឹងការអនុវត្តកំណែទម្រង់ព្រៃឈើសំរាប់ការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តភាព ទៅលើការប្រយុទ្ធប្រឆាំងការកាប់រាន ដុតឈូសឆាយ ហ៊ុមព័ទ្ធ កាន់កាប់រំលោភយកដីព្រៃឈើរបស់រដ្ឋជាកម្មសិទ្ធិ និងរកដំណោះស្រាយតម្រូវការឈើប្រើប្រាស់ក្នុងស្រុក ។


ក្នុងន័យនេះឯកឧត្តម ហុក សុផល ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៍ដូចជាស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាអនុវត្តន៍បទបញ្ជាររបស់រាជរដ្ឋាភិបាលឱ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធិភាពបំផុត ដោយរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់និងសូមឱ្យជនទាំងឡាយណា ដែលមានការពាក់ព័ន្ធនូវទង្វើរំលោភច្បាប់ ស្តីពីព្រៃឈើត្រូវឈប់ជាបន្ទាន់ ៕ (អត្ថបទ៖ ឡាចសុគន្ធារី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation