ផ្ទះជាង១ម៉ឺនខ្នងបានលិចលង់ដោយទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ យោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានឲ្យដឹងថា​ គិតត្រឹមថ្ងៃទី០៤សីហានេះ នៅទូទាំងខេត្តកំពង់ចាមគឺស្រុកចំនួន៦ មាន៣៣ឃុំស្មើនឹង១៤០ភូមិ បានទទួលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ។


តាមរបាយការណ៍បានបញ្ជាក់ទៀតថា​ក្នុងពេលទឹកទន្លេមេគង្គបានកើនឡើងនេះក៏មានករណីសត្វអាសិរពិសចឹកមនុស្សមាន៤ករណី លង់ទឹកស្លាប់១ករណីនៅក្នុងស្រុកកងមាស និងមានផ្ទះចំនួន១៥,៥២៩ផ្ទះបានលិច ដោយឡែកដំណាំកសិផល លិចដំណាំស្រួវ៦១៦ហិចតា ដំណាំពោត១៨៣ហិកតា និងដំណាំរួមផ្សំចំនួន៣២៤ហិកតា រួមទាំងលិចសាលារៀន២៦កន្លែង និងវត្តចំនួន២០កន្លែងផងដែរ។


ទន្ទឹមនេះដែរក្នុងនាមរដ្ឋបាលខេត្តកំពង់ចាមដែលមានឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តក៏បានចាត់វិធានការ អន្តរាគមន៍ និងជួយសង្គ្រោះជាបន្ទាន់ ដោយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទួសលសុវត្ថិភាពបានចំនួន១០ទីទួល។ ចំណែកអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះបានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបានចំនួន៧ខ្នង ក្រៅពីកិច្ចការងារខាងលើរដ្ឋបាលខេត្តកំពង់ចាមក៏បានណែនាំដល់មមន្ទីរសុខាភិបាខេត្តត្រូវចុះប្រចាំការត្រួតពិនិត្យ ព្យាបាលសុខភាពដល់ ប្រជាពលរដ្ឋនៅគ្រប់ទីទួលសុវត្ថិភាព។

ជាមួយគ្នានេះ​ រដ្ឋបាល​ខេត្តកំពង់ចាម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ណាមួយដែលបង្ករប៉ះពាល់ដល់អាយុជីវិត ជាពិសេសកុមារ ជនពិការ និងចាស់ជរា ហើយប្រជាពលរដ្ឋទាំងអស់ត្រូវបរិភោគទឹកឆ្អិននិងសម្រាន្ដនៅក្នុងមុង។


បន្ទាប់ពីទឹកទន្លេមេគង្គបានឡើងខ្លាំងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងការប្រកបមុខរបររបស់បងប្រជាពលរដ្ឋដែលបានបញ្ជាក់ខាងលើ នៅពេលថ្មីៗនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកាកបាទក្រហមកម្ពុជាក៏បានធ្វើការផ្តល់អំណោយមនុស្សធម៌ជាថវិការ គ្រឿងឧបភោគបរិភោគ រទេះរុញសម្រាប់ជនមានពិការភាព និងតង់ជាដើម ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ចាមជាច្រើនពាន់គ្រួសារផងដែរ។


ក្រៅពីការងារមុស្សធម៌ខាងលើនេះគ៏សង្កេតឃើញមានសប្បុរសជនប្រធានក្រុមការងារចុះជួយភូមិឃុំស្រុកមួយចំនួនក៏បានធ្វើការចែកអំណោយផ្សេងៗជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកទន្លេមេគង្គនាពេលនេះទៀតផង។


សូមបញ្ជាក់ថា នៅថ្ងៃទី០៤សីហាឆ្នាំ២០១៨នេះ​ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមមានកម្ពស់១៥,១១ម៉ែត្រ កៀកចំណុចប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ ហើយកម្ពស់ទឹកនាពេលហាក់បីដូចនៅទ្រឹង ហើយជាក់ស្តែងនាថ្ងៃនេះទឹកស្រក​ត្រឹមតែ​ ០.០០១ម៉ែត្រប៉ុណ្ណោះ៕ (អត្ថបទ៖ ហ៊ាង​ ថាច​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation