និស្សិតជាច្រើននាក់ ចូលរួមអភិរក្ស និងដាំដើមកោងកាង ក្នុងសហគមន៍នេសាទត្រពាំងសង្កែ
| ព័ត៌មានជាតិ
SHARE

កំពត៖ ដើម្បីចូលរួមចំណែកក្នុងការងារអភិរក្សនិងថែរក្សាបរិស្ថានក៏ដូចការងារសង្គមអោយបានកាន់តែផុលផុស នៅព្រឹកថ្ងៃទី៣ ខែសីហា គណៈគ្រប់គ្រងនិងនិស្សិតសកល វិទ្យាល័យឯកទេសនៃកម្ពុជា(CUS)
សាខាខេត្តកំពតបានបង្កើតនូវកម្មវិធីចូលរួមដាំដើមកោងកាងនៅសគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពត។


សូមជម្រាបថា កោងកាងគឺជារុក្ខជាតិដុះតាមដៃព្រែកនិងតំបន់ឆ្នេរសមុទ្រ មានសារៈប្រយោជន៍សំខាន់ជាច្រើនសម្រាប់មនុស្សនិងមច្ឆាវាជាជម្រករបស់ជីវៈចំរុះ ហើយវាគឺជាឆ្នាំងបាយរបស់ប្រជានេសាទប្រចាំថ្ងៃផងដែរ។ ប៉ុន្តែមនុស្សជាច្រើនមិនបាននាំគ្នាអភិរក្សដើមកោងកាងនេះទេ បែរជាកាប់បំផ្លាញ់ទៅវិញ ធ្វើឲ្យព្រៃកោងកាងប្រឈមនឹងការបាត់បង់រិចរឹល។


ដោយមើលឃើញពីបញ្ហាប្រឈមចំពោះមុខនេះ ដូច្នេះដើម្បីស្ដារនិងទប់ស្កាត់នៃការបាត់បង់ព្រៃកោងកាងដែលជាជំរករបស់ជីវចំរុះ ប្រជានេសាទបានប្រមូលផ្គុំគ្នាបង្កើតជាសហគមន៍ដើម្បីអភិរក្សព្រៃកោងកាងនេះឡើងនាសព្វថ្ងៃនេះ។

លោក ហម សាវ៉េតនាយកសកល វិទ្យាល័យ (CUS)សាខាខេត្តកំពតបានលើកបញ្ជាក់ពីគោលបំណងនាឱកាសនេះថា​ ដោយមានការជំរុញណែនាំលើកទឹកចិត្តជាប្រចាំពី សកលវិទ្យាធិការ នៃសកលវិទ្យាល័យ(CUS)ក្នុងការបណ្ដុះគំនិតដល់សិស្សនិស្សិតអោយចេះស្រឡាញ់ធម្មជាតិនិងជួយកិច្ចការសង្គមអោយបានច្រើននោះ​ ទើបមានថ្ងៃនេះ គណៈគ្រប់គ្រងសលកវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)សាខាខេត្តកំពត និងនិស្សិតរបស់ខ្លួនបានបង្កើតនូវកម្មវិធីចូលរួមកិច្ចការសង្គមនេះឡើងដើម្បីចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែនាពេលនេះ។


លោក ហម សាវ៉េត បានលើកបន្តទៀតថា សង្ខារបស់មនុស្សយើងទាំងអស់គ្នាមិនទៀងទាត់ កើតហើយក៏ស្លាប់ទៅវិញនៅថ្ងៃណាមួយ ដូច្នេះត្រូវខិតខំសន្សំទង្វើល្អឲ្យបានច្រើន។ដោយឡែកការចូលរួមដាំដើមកោងកាងនៅថ្ងៃនេះចាត់ទុកជាទង្វើល្អមួយដើម្បីជួយមនុស្សជាតិ និងបរិស្ថាន ដែលយើងទាំងអស់គ្នាជានិសិ្សតនិងបញ្ញាវ័ន្តមិនអាចមើលរំលងហើយ គួរយកចិត្តទុកដាក់ចូលរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍នូវព្រៃកោងកាងទាំងអស់គ្នា បើដាំមិនបានច្រើន យ៉ាងហោចណាស់ម្នាក់ឲ្យបាន១ដើម។


លោក ថោង យ៉ាវ៉ាន់ ជាសាស្ត្រាចារ្យ បានលើកឡើងអំពីសារៈប្រយោជន៍នៃការដាំដើមកោងកាងនេះថា ជីវិតរបស់មនុស្សគ្រប់រូបផ្សារភ្ជាប់នឹងធម្មជាតិបរិស្ថាមន ហើយដោយយល់ឃើញថាព្រៃកោងកាងមានប្រយោជន៍ច្រើន ហើយកំពុងប្រឈមនឹងការបាត់បង់ផងនោះ ។ទើបមានការសម្រេចចិត្តជ្រើសរើសទីតាំងសហគមន៍នេសាទត្រពាំងសង្កែនេះដើម្បីដាំដើមកោងកាងតែម្តង។


ជាមួយឱកាសនោះក្រុមនិស្សិតដែលបានចូលរួមដាំដើមកោងកាងក៏បានសំដែងនូវអារម្មណ៍ឲ្យដឹងដែរថា ពួកគេពិតជាមានសេចក្តីរីករាយក្នុងការដែលសាលាបានបង្កើតកម្មវិធីថ្ងៃនេះឡើងពីព្រោះការចូលរួមរបស់ពួកគេ វាបានបញ្ជាក់អំពីក្តីស្រលាញ់ចំពោះ មច្ឆាជាតិ កាត់បន្ថយបាននូវការបំពុលបរិស្ថានបានមួយចំណែកពីផលនៃ ព្រៃកោងកាងនេះ ពិសេសចូលរួមជួយដល់បងប្អូនប្រជានេសាទ ដែលប្រកបរបរនៅលើផ្ទៃទឹកសមុទ្ររាល់ថ្ងៃឲ្យពួកគាត់អាចនេសាទបានច្រើនទៅថ្ងៃមុខ ។


សូមបញ្ជាក់ថា សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អភិរក្សព្រៃកោង កាងនិងបានរៀបចំប្រែក្លាយជាកន្លែងសម្រាកកម្សាន្តដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោមសហគមន៍នេសាទទាំងអស់នៅក្នុងខេត្តកំពត ហើយសហគមន៍នេះ ផ្តល់សេវាស្នាក់នៅ កន្លែងប្រជុំ ជិះទូកកម្សាន្តតាមព្រៃកោងកាង និងមើលថ្ងៃលិច អាហារដ្ឋានជាដើម៕ (អត្ថបទ ៖ប៉ៃ សុឃីម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation