គ.ជ.ប៖ពុំមានមូលដ្ឋានគ្រប់គ្រាន់ឡើយសម្រាប់ការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់គណបក្សរស្មីខេមរា នោះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯ.ឧ សោម សូលីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់គណបក្សរស្មីខេមរា គឺពុំមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីយកពិចារណានោះទេ។

ការបញ្ជាក់នេះ បានធ្វើឡើងបបន្ទាប់ពីគណបក្សរស្មីខេមរា បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

សូមជម្រាបថា លោកស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា បានដាក់ញ្ញត្តិទៅបណ្តាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ អំពីការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដោយគណបក្សនេះ បានអះអាងថា ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដោយសារតែមិនមានភាពសេរី យុត្តិធម៌ ត្រឹមត្រូវ។

ញ្ញត្តិដែលដាក់ទៅស្ថានទូតមានដូចជា ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី ស្ថានទូតជប៉ុន ស្ថានទូតកូរ៉េខាងត្បូង។

ជាការឆ្លើយតបឯ.ឧ សោម សូលីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថាការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់គណបក្សរស្មីខេមរា គឺពុំមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីពិចារណាទេ។

អគ្គលេខាធិការរងគ.ជ.ប រូបនេះពន្យល់ ជាទូទៅបើផ្អែកទៅលើមាត្រា១៣១ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណបក្សនយោបាយមានសិទ្ធិ ប្តឹង៧២ម៉ោង ហើយបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយលទ្ធផលបណ្តោះអាសន្ននេះ អាចប្រកាសទៅបាន នៅពេលដែលបណ្តឹងពាក់ព័ន្ធនិងការបោះឆ្នោតត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយលទ្ធផលបោះឆ្នោត ក៏ទទួលបានពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។

អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ថា «អ្វីដែលគណបក្សរស្មីខេមរា លើកឡើងជាពាក្យបណ្តឹង គឺខុសទៅនិងនីតិវិធីហើយ យើងមាននីតិវិធីនៃដាក់ ការទទួល និងការដោះស្រាយបណ្តឹង ដែលត្រូវចាប់ផ្តើមពីយន្តការនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ហើយប្រសិនបើគណបក្សនោះ មិនយល់ព្រម ឬក៏មិនពេញចិត្តនិងសេចក្តីសម្រេចរបស់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គាត់មានសិទ្ធិប្តឹងមកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។ ហើយក្នុងករណីគាត់មិនពេញចិត្តចំពោះការសម្រេចរបស់ណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គាត់មានសិទ្ធិប្តឹងមក គ.ជ.ប។

ករណីនេះ មិនមែនជាករណីដែលត្រូវប្តឹងបដិសេធនិងលទ្ធផលទេ គឺគេប្តឹងអំពីភាពមិនប្រក្រតីដែលកើតឡើងនៅការិយាល័យបោះឆ្នោត ដែលត្រូវប្តឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតយ៉ាងហោចណាស់ ម៉ោង១១និង៣០នាទី បន្ទាប់ពីថ្ងៃបោះឆ្នោត»។

សូមជម្រាបថាបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់មានគណបក្សនយោបាយជាច្រើនក្នុងចំណោមគណបក្សនយោបាយទាំង២០ដែលចូលរួមប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ បានប្រកាសព្រមៗគ្នាថា ការបោះឆ្នោតនៅកម្ពុជាអាណត្តិទី ៦នេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានបរិយាកាសនយោបាយល្អប្រសើរ និងគ្មានការគំរាមកំហែង ដែលបក្សទាំងនោះ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សសញ្ញាតិកម្ពុជា ជាដើម៕​(អត្ថបទ៖​ មួង សុវណ្ណារិទ្ធ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation