គម្រោងក្រាលក្ដារឈើនៅតាមឬសឈើបុរាណក្នុងបរិវេណប្រាសាទតាព្រហ្ម មានប្រយោជន៍ជួយដល់ដើមឈើ និងការពារសុវត្ថិភាពដល់ភ្ញៀវទេសចរ
| ព័ត៌មានជាតិ
SHARE


(សៀមរាប)៖ ដើមឈើធំៗ និងឬសធំៗ ដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដោយពួកគេតែងតែផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ប្រាសាទម្តងៗ។ ប៉ុន្តែ ជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្មបែបនេះ វាក៏បានបង្កហានិភ័យផងដែរ។ ហានិភ័យត្រង់ភ្ញៀវទេសចរបានដើរជាន់ឬសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដំណើរលូតលាស់របស់ដើមឈើទាំងនោះ។

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំជួសជុល និងក្រាលក្ដារឈើតាមឬសឈើធំៗក្នុងបរិវេណប្រាសាទតាព្រហ្ម ហើយគម្រោងនេះត្រូវបានគាំទ្រ និងសាទរដោយក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ដោយពួកគេយល់ថា នេះជាការយកចិត្តទុកដាក់ដល់ដើមឈើដែលមានវ័យចំណាស់ៗ លើកសោភ័ណភាពប្រាសាទ ក៏ដូចជាការការពារគ្រោះថ្នាក់ជាយថាហេតុទៀតផង។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨មក ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដំណើរការគម្រោងរៀបចំក្រាលក្ដារឈើ តាមឬសឈើធំៗ និងនៅតាមវង់ទស្សនារបស់ភ្ញៀវទេសចរ នៅប្រាសាទតាព្រហ្ម។ តាមការប៉ាន់ស្មាន គម្រោងនេះអាចនឹងបញ្ចប់នៅមុនរដូវវស្សាមកដល់។

លោក យិន សូវ៉ាត អ្នកគ្រប់គ្រងការដ្ឋានគម្រោងក្រាលក្ដារនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា រហូតមកដល់ពេលនេះ យើងបានក្រាលក្ដារបានប្រមាណ ៥០ម៉ែត្ររួចហើយគិតទាំងជណ្ដើរ។ លោកបន្ថែមថា នឹងបន្តគម្រោងនេះជាដំណាក់កាលៗរហូតដល់បញ្ចប់។លោក យិន សូវ៉ាត បញ្ជាក់ថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីបង្កើនការលូតលាស់របស់ដើមឈើ និងថែរក្សាបរិស្ថានជុំវិញឱ្យបានល្អប្រសើរឡើងវិញ។

តាមគម្រោងមានទីតាំងឬសឈើចំនួន៦កន្លែង ដែលគ្រោងក្រាលក្ដារ និងនៅតាមវង់ទស្សនាប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ហើយឈើដែលយកមកក្រាលនេះជាប្រភេទឈើគគីរ ដែលតាមការប៉ាន់ស្មានអាចមានប្រហែល៧០ម៉ែត្រគីប ដែលវាអាចរក្សាគុណភាពបានពី៦ ទៅ៧ឆ្នាំ។ ឈើនេះជាជំនួយឧបត្ថម្ភដោយភាគីឥណ្ឌា ដែលកំពុងដំណើរការជួសជុលប្រាសាទតាព្រហ្ម ចំណែកអាជ្ញាធរជាតិអប្សរា ចេញផ្នែកកម្លាំងពលកម្ម ដែលប្រើប្រាស់កម្មករចំនួន ១២នាក់៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation