ធុរជនចិនខេត្តហ៊ូណានសន្យាជួយផ្សព្វផ្សាយសក្តានុពលវិស័យកសិកម្មកម្ពុជាដល់ថ្នាក់ដឹកនាំនិងសមាគមធុរជនក្នុងខេត្តដ៏ធំរបស់ចិនមួយនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ប្រភពពីក្រសួងពាណិជ្ជកម្មបាបឧ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង ដែលសម្បូរទៅដោយភោគផលដំណាំដែលមានសក្តានុពល សម្រាប់បម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយលោក យ៉ាង គ័រពីង (Yang Guoping) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន ដែលបានដឹកនាំសហការី មកសិក្សាអំពីលទ្ធភាពពង្រីករោងចក្រម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាត់ដំបង និងស្វែងយល់អំពីសក្តានុពលវិនិយោគ នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូន លោក យ៉ាង គ័រពីង អំពីកត្តាប្រឈមនៃវិស័យស្រូវអង្ករ និងដំណាំសក្តានុពលផ្សេងៗ ដូចជា ស្វាយ មៀន ពោត និងដំឡូងមី ព្រមទាំងអត្ថប្រយោជន៍នៃការសាងសង់ឡសម្ងួតបន្ថែម ដើម្បីរក្សាទុកកសិផលនៅក្នុងរយៈពេលយូរ សំដៅបម្រើការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូចជាខេត្តសៀមរាប និងខេត្តហ៊ូណាន ប្រទេសចិនជាដើម។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលខេត្តព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាខេត្តដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅដោយរោងចក្រតូចធំជាង ១០០ក្រុមហ៊ុន សម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។ បន្ថែមលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូន លោក យ៉ាង គ័រពីង និងសហការី អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោក យ៉ាង គ័រពីង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែកនូវព័ត៌មាន​ និងទស្សន:ល្អៗ ទាក់ទិនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកត្តាប្រឈម និងកាលានុវត្តភាពវិនិយោគ លើដំណាំសក្តានុពលផ្សេងៗរបស់កម្ពុជា។

លោក យ៉ាង គ័រពីង ក៏បានសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅជម្រាបជូន ឯកឧត្តមអភិបាលខេត្តហ៊ូណាន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខ ព្រមទាំងផ្សព្វផ្សាយបន្តជូនសមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation