ឆមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ១០៦គម្រោង ដែលមានទំហំទុនវិនិយោគកើនឡើង១៤% បើធៀបនឹងឆ្នាំមុន
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ ក្នុងឆមាសទី១ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នផ្ដល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យវិនិយោគិនបណ្ដាក់ទុនរកស៊ីនៅកម្ពុជានោះ បានយល់ព្រមអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ក្នុងនោះគម្រោងថ្មីសុទ្ធសាធ ចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន៩ គម្រោង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង១០៦គម្រោងនេះ មានទុនវិនិយោគសរុប ចំនួន៣.៥០០លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុកបានចំនួនប្រមាណជិត១០ម៉ឺនកន្លែង ។


តាមតួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ មានការកើនឡើងចំនួន១៩គម្រោង ខណៈដែលទំហំទុនវិនិយោគកើនឡើងចំនួន១៤% ជាពិសេស ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម កើនឡើងខ្លាំង រហូតដល់ទៅ៧៧% ។


ជាមួយនឹងការកើនឡើងនេះ គឺឃើញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល កើនទ្បើង២២% ក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់កើនទ្បើងចំនួន៨គម្រោង ពី១៥គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨ ។ ជារួម តួលេខវិនិយោគនេះបានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគកើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ ។


បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងថា ការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុកក្នុងប្រទេសកម្ពុជា នឹងនៅតែមានជាហូរហែ ព្រោះមានលក្ខខណ្ឌជាច្រើនដែលវិនិយោគិនបរទេសនិងក្នុងស្រុកបណ្ដាក់ទុនវិនិយោគ ដើម្បីរកប្រាក់ចំណេញ ឬអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ 


ឯ.ឧ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កម្ពុជាប្រៀបបីដូចជានំមួយដុំដ៏គួរឲ្យចង់ញ៉ាំពីសំណាក់វិនិយោគិន ជាពិសេសវិនិយោគិនក្រៅប្រទេស ។ ជាក់ស្ដែង ស្ថានភាពទាំងសេដ្ឋកិច្ច នយោបាយ និងបរិយាកាសធម្មជាតិ សុទ្ធតែអំណោយផលដល់ការវិនិយោគ។ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ថ្លែងថា « កម្ពុជាមិនដែលមានគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះសាហាវៗ ដូចបណ្ដាប្រទេសផ្សេងៗមួយចំនួននោះទេ ។ដូចនេះ វិនិយោគិនអាចសង់អគារខ្ពស់ៗ ដោយមិនចាំបាច់ភ័យព្រួយពីការបាក់ស្រុត ឬរញ្ជួយដីដែរ ។ អីចឹងហើយទើបយើងប្រៀបធៀបថា កម្ពុជាប្រៀបបីដូចជានំមួយដុំដ៏គួរឲ្យឆ្ងាញ់បែបនេះ » ។


ស្របពេលដែលមានការវិនិយោគជាបន្តបន្ទាប់ពីបរទេស ក៏ដូចជាវិនិយោគិនក្នុងស្រុកផងដែរនោះ សេដ្ឋវិទូជាន់ខ្ពស់ ក៏បានផ្ដល់ជាមតិយោបល់ដល់កម្ពុជា គួរតែបណ្ដុះបណ្ដាលជំនាញ និងសមត្ថភាពដល់ធនធានមនុស្សកម្ពុជា ដើម្បីឲ្យកម្ពុជាកាន់តែទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ។ឯ.ឧបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញ និងសមត្ថភាពបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្ននេះ វិស័យឧស្សាហកម្មកាត់ដេរកំពុងតែនាំមុខគេ ។ ដូចនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអ្នកពាក់ព័ន្ធត្រូវបណ្ដុះបណ្ដាលកម្មករ-កម្មការិនី ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀត ស្របពេលកម្ពុជាក៏កំពុងងាកទៅរកការផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់ជាបណ្ដើរៗហើយផងដែរ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation