សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ មកពីតាមរោងចក្រសហគ្រាសនានានៅរោងចក្រតំបន់លូ ៥
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រចំនួន ១ម៉ឺន៤ពាន់៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃទី០២ សីហា ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស និងកម្មករ កម្មការិនីដែលបានចូលរួមទៅបោះឆ្នោតចូលរួមលទ្ធិប្រជាធិបតេយ្យ។

សម្តេចតេជោបានមានប្រសាសន៍ថា ការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាជនត្រូវបានធ្វើឲ្យយុទ្ធនាការដេកផ្ទះឈ្នះស្អាតបរាជ័យ។ សម្តេចតេជោបានហៅថា យុទ្ធនាការនេះជាការល្ងង់មួយ ដែលបង្ហាញឲ្យឃើញថា កុំថាឡើយដឹកនាំប្រទេស សូម្បីដឹកនាំក្រុមហ៊ុន ឬគ្រួសារមួយក៏មិនអាចដឹកនាំបានដែរ។ សម្តេចតជោបានបន្តថា បើពួកនេះមានវត្តមានប្រាកដជាមានសង្រ្គាម ព្រោះពួកនេះពូកែលាបពណ៌ណាស់។

សម្តេចតេជោបានមានប្រសាសន៍ថា អ្នកដែលបានទៅបោះឆ្នោតប្រមាណជាង៨២ភាគរយគឺជាអ្នកគាំទ្រលទ្ធប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយសម្តេចបានអង្វរដល់អ្នកដែលបានទៅបោះឆ្នោតកុំរើសអើងចំពោះអ្នកមិនបានទៅបោះឆ្នោត។


សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចំនួនអ្នកទៅបោះឆ្នោតជាង៨២ភាគរយ គាំទ្រលទ្ធិប្រជាធិបតេយ្យ ចំណែកអ្នកដែលថាមិនទទួលស្គាល់ការបោះឆ្នោតនោះ គឺអ្នកតែងតែមិនទទួលស្គាល់រហូតមកហើយចាប់តាំងពីឆ្នាំ១៩៩៨មក។ សម្តេចតេជោបានបន្តថា អ្នកគិតខុសរហូត ដូច្នេះហើយបានជាអ្នកតែងបរាជ័យ។

សម្តេចតេជោបានមានប្រសាសន៍ថា ប្រជាពលរដ្ឋ និងកម្មករកម្មការិនីបានបោះឆ្នោតយ៉ាងច្រើនគឺដោយស្រលាញ់សន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហាញឆន្ទៈក្រោយពេលជាប់ឆ្នោតថា នឹងដឹកនាំប្រទេសកម្ពុជាប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។


សម្តេចតេជោបានលើកឡើងថា កាលពីឆ្នាំ២០១៣ ចាប់ពីយុទ្ធនាការបោះឆ្នោតរហូតដល់បោះឆ្នោត គឺមានភាពខុសគ្នាពីឆ្នាំ២០១៨ កាល២០១៣ អ្នករកស៊ី អ្នករស់នៅភ្នំពេញនាំគ្នាបិតតូបលក់ដូរ អ្នកខ្លះដកលុយអស់ពីធនាគារបារម្ភពីសុវត្ថិភាព ព្រោះកាលនោះមានមេរោគសង្គមបង្កបញ្ហា ដល់ពេល២០១៨មេរោគសង្រ្គាមរលាយបាត់ ទើបធ្វើឲ្យយើងមានសន្តិភាព ប្រជាជនសប្បាយចិត្តទៅបោះឆ្នោត សម្តេចតេជោបានបញ្ជាក់ថា ដូច្នេះមេរោគសង្រ្គាមវាស្លាប់ គឺសាកសមហើយ បើនៅប្រាកដជាមានសង្រ្គាមជាមិនខាន។

សម្តេចតេជោបានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានការពារសន្តិសុខ សុវត្ថិភាពកំឡុងពេលយុទ្ធនាការ និងការបោះឆ្នោត ជាពិសេសបានធ្វើកិច្ចការងារបានយ៉ាងល្អជួយប្រជាពលរដ្ឋក្នុងខណៈដែលតំបន់មួយចំនួនមានបញ្ហាប្រឈមនឹងគ្រោះទឹកជំនន់៕ (ហ៊ន សុភ័ក្ដ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation