ជំនន់ទឹកភ្លៀងស្ទឹងសង្កែបំផ្លាញដំណាំស្រូវជិតប្រមូលផលក្នុងស្រុកឯកភ្នំជិត២ពាន់ហិកតា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលស្រុកឯកភ្នំនៃខេត្តបាត់ដំបងបានទទួលរងនូវគ្រោះធម្មជាតិធំៗចំនួន២ផ្ទួនៗគ្នា ដែលកាលដើមឆ្នាំ ពេលប្រជាពលរដ្ឋព្រោះស្រូវបានដុះហើយស្រាប់តែជួបនឹងគ្រោះរាំងស្ងួត ហើយក្រុមការងារថ្នាក់ជាតិរបស់ស្រុកឯកភ្នំ បានជួយបូមទឹកដាក់បញ្ជូលស្រែ ដែលខ្វះខាតទឹកជួយដល់ប្រជាពលរដ្ឋ ហើយពេលដែលបានជួយសង្រ្គោះបានហើយ ក្នុងខណៈពេលស្រូវកំពុងតែធ្វើខ្លួនហាលផ្កា ស្រាប់ តែទឹកជំនន់ចូលមកដល់ធ្វើឲ្យស្រូវខូចខាតម្តងទឹកក៏ស្រកទៅវិញ តែពេលនេះគឺជាលើកទី៤ហើយ ដែលជំនន់ទឹកភ្លៀងនៃស្ទឹងសង្កែបានជន់លិចមកម្តងទៀត ស្របពេលដែលស្រូវកំពុងតែជិតប្រមូលផល ស្រាប់តែទឹកបានជន់លិចខ្លាំងជាងមុនទៅទៀត បង្កឲ្យដំណាំស្រូវទុំជិតប្រមូលផលត្រូវទទួលរងនូវការខូចខាតទាំងស្រុង១ពាន់៣១៣ហិកតានិងរងផលប៉ះពាល់៥១៤ហិកតាទៀត ហើយប្រសិនជាទឹកស្ទឹងសង្កែនៅតែបន្តការឡើងទៀត ផ្ទៃដីស្រែប៉ះពាល់ទាំង៥១៤ហិកតានោះនឹងត្រូវខូចខាតទាំងស្រុងតែម្តង។

នេះបើតាមការបញ្ជាក់ពីលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ នៅក្នុងឱកាសដែលលោក បានដឹកនាំមន្ត្រីជំនាញជុំវិញស្រុកចុះពិនិត្យវាយតម្លៃដោយផ្ទាល់នៅតំបន់អូរកំបុត ស្ថិតក្នុងឃុំព្រែកហ្លួងនិងឃុំព្រែកខ្ពប នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ។

លោក ម៉ិល សុផល បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកតំបន់នេះមិនដែលជួបប្រទះនឹងបញ្ហានេះទេ ដូច្នេះហើយបានជាប្រជាពលរដ្ឋបានធ្វើការដាំដុះប្រភេទស្រូវផ្កាម្លិះនៅតំបន់នេះជាធម្មតា ដោយសារតែពូជស្រូវផ្កាម្លិះមានតម្លៃល្អក្នុងទីផ្សារស្រូវ ហើយការប្រមូលផលជារៀងរាល់ឆ្នាំក្នុងពេលនេះគឺគាត់ប្រមូលអស់និងទាន់ពេលវេលាដែរ ដោយសារជំនន់ទឹកភ្លៀងស្ទឹងសង្កែមិនដែលឡើងក្នុងពេលនេះដែរ គឺទឹកឡើងច្រើនតែនៅក្នុងខែកញ្ញាឬខែតុលាឯណោះ តែលើកនេះទឹកជំនន់បានឡើងខុសខែ ខុសពេលវេលា ទើបបានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលមិនទាន់បានប្រមូលផលផងនោះត្រូវខូចខាតអស់តែម្តងទៅ៕ (អត្ថបទ និងរូបភាព៖ ឡាច សុគន្ធារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation