អភិបាលរងខេត្តបាត់ដំបងក្រើនរំលឹកដល់សិស្សានុសិស្សវិទ្យាល័យព្រះមុនីវង្សខិតខំសិក្សាដើម្បីប្រកួតប្រជែងទីផ្សារការងារល្អ
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ អភិបាលរងខេត្តបាត់ដំបងមួយរូប បានក្រើនរំលឹកដល់សិស្សានុសិស្សវិទ្យាល័យព្រះមុនីវង្សខិតខំសិក្សាឲ្យមានចំណេះដឹង សីលធម៌ គុណធម៌ និងចំណេះដឹងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារបានល្អ។ ​

ការក្រើនរំលឹកបែបនេះ ត្រូវធ្វើឡើងដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង នៅក្នុងខណៈពេលដែលឯកឧត្តម បានចូលរួមក្នុងពិធីចែករង្វាន់សិស្សពូកែថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់សាលា និងសិស្សល្អប្រចាំថ្នាក់នៃវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង ចំនួនជាង៣៥០នាក់ នៅព្រឹកថ្ងៃពុធនេះ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ខិតខំសិក្សាបន្ថែមទៀត ឲ្យកាន់តែមានចំណាត់ថ្នាក់ល្អនៅឆ្នាំក្រោយ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានចាត់ទុកថា សកម្មភាពនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ប្រកបដោយកាយវិការទទួលខុសត្រូវខ្ពស់បែបនេះ ស្ថិតក្នុងគោលបំណង ដើម្បីធ្វើការជំរុញឲ្យមានការយល់ដឹងដល់សិស្សានុសិស្សកាន់តែមានកម្រិតខ្ពស់នឹងក្លាយទៅជាធនធានមួយដ៏មានសារៈសំខាន់ សម្រាប់កសាងសង្គមជាតិឲ្យមានការរីកចម្រើនដូចអារ្យប្រទេសនានាលើសកលលោក។


ឯកឧត្តម បានបន្តទៀតថា ផ្ដើមចេញពីការខិតខំយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូនាពេលកន្លងមកនេះ ក៏បានប្រសូតចេញនូវលទ្ធផលជាក់ស្ដែងគួរជាទីមោទនៈនូវជ័យលាភីសិស្សពូកែថ្នាក់សាលា ថ្នាក់ខេត្ត និងសិស្សពូកែថ្នាក់ជាតិជាក់ស្តែងនាពេលនេះ ហើយលទ្ធផលដ៏ធំធេងទាំងនេះ ជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាពអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងអប់រំយុវជននិងកីឡា ពិសេសរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលចំណុចទាំងនេះបានសមស្របទៅនឹងខ្លឹមសារពាក្យស្លោករបស់ឯកឧត្តមរដ្ឋមន្រ្ដី ហង់ ជួនណារ៉ុន ដែលលើកឡើងថា «អ្នកចេះគឺប្រឡងជាប់»។


ឯកឧត្តម អភិបាលរងខេត្តបាត់ដំបង បានជំរុញបន្ថែមទៀតដល់លោកគ្រូ អ្នកគ្រូ ត្រូវតែមានសុច្ឆន្ទៈយ៉ាងមោះមុតប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មនសិការវិជ្ជាជីវៈខ្ពស់ និងខិតខំសិក្សាស្រាវជ្រាវរិះរកវិធីសាស្រ្ដថ្មីៗបន្ថែមទៀត ក្នុងទិសដៅកសាងមូលធនបញ្ញាដល់ស្រទាប់យុវជន យុវតី ឲ្យមានចំណេះដឹង សីលធម៌ គុណធម៌និងចំណេះដឹងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងស្វែងរកទីផ្សារការងារជាមួយសមាគមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន នាពេលខាងមុខនេះ ក្នុងនោះប្អូនៗសិស្សានុសិស្សទាំងអស់ក៏ត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសិក្សាឲ្យមានចំណេះដឹងពិតប្រាកដ ដើម្បីឈានទៅដល់គោលដៅ សម្រាប់ខ្លួនឯងផង និងការកសាងសង្គមកម្ពុជាឲ្យកាន់តែមានការរីកចម្រើនដូចប្រទេសនានានៅលើសកលលោកផងដែរ៕ (អត្ថបទ និងរូបភាព៖ ភ្នាក់ងារខេត្តបាត់ដំបង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation