ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាម

image

អត្ថបទ៖ ហឹង ចូច  

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ 

ពិធីនេះបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព ព្រះសិរីធម្មញាណសុខ ថាន ព្រះមេគណខេត្ត និងលោក ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ការប្រារព្វធ្វើបុណ្យមាឃបូជាមានន័យ២យ៉ាង គឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរណ៌មីក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឫក្សធំមួយ របស់ព្រះសក្យមុនីគោតម បរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។ 

ចំណែកឯន័យទី២នៃ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃ ជាថ្ងៃអភិលក្ខិត នាសម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

លោក ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត  បានមានប្រសាសន៍បញ្ជាក់ថា បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ក្នុងប្រតិទីនជាទិវាបុណ្យជាតិ ។ បុណ្យមាឃបូជា គឺជាទិវាសាសនា នៃព្រពុទ្ធសាសនា ត្រូវបានអង្គការសហប្រជាជាតិអនុម័តទទួលស្គាល់ ជាពិធីបុណ្យអន្តរជាតិមួយ ដែល គេអាចប្រារព្ធធ្វើ នៅលើពិភពលោក។

បុណ្យមាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។ 

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។

លោកបានបញ្ជាក់ទៀតថា ពុទ្ធសាសនា នៅកម្ពុជាត្រូវបានរលំរលាយនៅក្នុងរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ហើយបានរីកដុះដាលឡើងវិញនៅក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ រហូតមដល់សព្វថ្ងៃនេះ។

សាសនាត្រូវដើរតួនាទីសំខាន់បំផុតក្នុងការចូលរួមការពារ សុខសន្តិភាព ជូន ជាតិ សាសនា ព្រះមហាក្រត្ស និងអប់រំទូន្មានបរិស័ទអោយគោរព ក្នុងការប្រតិបត្តិតាមផ្លូវល្អ ដើម្បីរក្សានៅសន្តិភាពក្នុងសាសនា មិនថាពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រិស្តសាសនានោះទេ។ ប៉ុន្តនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា (ពុទ្ធសាសនាជាសាសនារបស់រដ្ឋ) ដូច្នេះហើយព្រះសង្ឃមានតួនាទីដ៏សំខាន់ក្នុងការថែរក្សា និង អប់រំ ទូន្មានពុទ្ធបរិស័ទ និង បន្តថែរក្សាព្រះពុទ្ធសាសនាអោយបានគ្រប់ ៥០០០ព្រះវស្សា។ រួមចំណែកក្នុងការការពារ សុខសន្តិភាព ដល់បរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ៕