គយកម្ពុជា សហការជាមួយ អង្គការគយពិភពលោក រៀបចំសិក្ខាសាលាថ្នាក់អនុតំបន់ ស្តីពីការប្រយុទ្ធប្រឆាំង ការជួញដូរអាវុធធុនស្រាលខុសច្បាប់ ដោយមានការចូលរួមពីសំណាក់ មន្រ្តីគយពាក់ព័ន្ធមកពី៩ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សិក្ខាសាលាថ្នាក់អនុតំបន់ ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរអាវុធធុនស្រាលខុសច្បាប់ របស់អង្គការគយពិភពលោក ​ត្រូវបានប្រកាសបើកហើយ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ​ភ្នំពេញ ​ក្រោមអធិបតីភាព លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។


សិក្ខាសាលានេះ ក៏មាន​ការចូលរួមពីលោក Mohammad Ehteshamul Hoque និង លោក Andrew Alan REYNOLDS អ្នកជំនាញការ គម្រោងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក និងមន្រ្តីគយពាក់ព័ន្ធមកពី៩ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា។


សិក្ខាសាលានេះ មានរយៈពេល១១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ក្នុងគោលបំណង បណ្តុះបណ្តាលគ្រូបង្គោល និងបង្កើនសមត្ថភាព ដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ នៃបណ្តាប្រទេស ដែលនឹងចូលរួម អនុវត្តគម្រោងសន្ដិសុខ ដឹកជញ្ជូនតាមផ្លូវអាកាស ប្រឆាំងនិងទប់ស្កាត់ ការជួញដូរខុសច្បាប់ នៃអាវុធធុនស្រាលគ្រប់ប្រភេទ (SALW)។


ថ្លែងក្នុងពិធីបើក លោក Shigeaki Katsu អ្នកជំនាញការរយៈពេលវែង នៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាតំណាងរដ្ឋបាលគយជប៉ុន បានលើកឡើងថា សិក្ខាសាលានេះ នឹងក្លាយជាផ្នែកដ៏សំខាន់មួយ នៃកម្មវិធីសន្តិសុខ របស់អង្គការគយពិភពលោក ដើម្បីពង្រឹងសមត្ថភាព របស់រដ្ឋបាលគយ ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ ការជួញដូរខុសច្បាប់ នូវអាវុធធុនស្រាល និងជាការយកចិត្តទុកដាក់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ។


បន្ថែមពីលើនេះដែរ លោកក៏បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាឱកាសសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីធ្វើការសហការគ្នា ឲ្យកាន់តែជិតស្និទ្ធថែមទៀត និងដើម្បីក្លាយជាដៃគូរ ក្នុងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍គន្លឹះ ដើម្បីប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មដោយប្រសិទ្ធភាព។


ក្នុងសុន្ទរកថាបើក លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណ ដល់អង្គការគយពិភពលោក ដែលបានជ្រើសរើសកម្ពុជា ចូលរួមក្នុងការអនុវត្តគម្រោង និងអរគុណដល់រដ្ឋាភិបាលជប៉ុន សម្រាប់ការផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ សម្រាប់សិក្ខាសាលានេះ។


លោក ក៏បានគូសបញ្ជាក់ផងដែរថា ការជួញដូរ ខុសច្បាប់នៃអាវុធធុនស្រាល អាចបង្កឱ្យមានគ្រោះថ្នាក់ ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពជាអន្តរជាតិ ព្រមទាំងគំរាមកំហែង ដល់ជីវិតមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។


លោកបន្ថែមថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្តល់ឱ្យអ្នកចូលរួម ទាំងអាជ្ញាធរគយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកបច្ចេកទេស និងការអនុវត្តជាក់ស្តែង តាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ ជាមួយក្រុមជំនាញការ របស់អង្គការគយពិភពលោក ក្នុងការទប់ស្កាត់អាវុធធុនស្រាល ដែលអាចនឹងត្រូវបានជួញដូរនៅក្នុងតំបន់៕(អត្ថបទ ៖ សន ពិសិដ្ឋ និិងរូបភាព ៖ លឹម មុនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation