ព័ត៌មានអន្តរជាតិ

លោក លី មីយ៉ុងបាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងករណីរឿងអាស្រូវពុករលួយ

image

នៅព្រឹកថ្ងៃសុក្រនេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី មីយ៉ុងបាក់ (Lee Myung-bak) ត្រូវបានតុលាការទីក្រុងសេអ៊ូលចេញដីកាចាប់ខ្លួន និងឃុំខ្លួននៅក្នុងករណីចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយជាច្រើន។
ក្បួនរថយន្តដែលរួមទាំងរថយន្តដឹកលោក លី បានបើកចូលទៅក្នុងមជ្ឈមណ្ឌលឃុំឃាំងមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីតុលាការទីក្រុងសេអ៊ូលបានអនុម័តដីកាចាប់ខ្លួន ដោយយោងទៅតាមអ្វីដែលតុលាការចាត់ទុកថាជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងអាចទៅរួចដែលថាលោក លី ប្រហែលជាបានព្យាយាមបំផ្លាញភ័ស្តុតាង។


លោក លី ដែលបានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣នោះត្រូវបានក្រុមរដ្ឋអាជ្ញាចោទប្រកាន់ថា បានទទួលប្រាក់សំណូកសរុប១០លានដុល្លារអាមេរិកពីទីភ្នាក់ងារចារកម្មផ្ទាល់ខ្លួនរបស់លោក, ក្រុមហ៊ុនអាជីវកម្ម និងផ្សេងៗទៀត។


ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងអាចឃុំខ្លួនលោក លី រហូតដល់ទៅ២០ថ្ងៃមុនពេលធ្វើការចោទប្រកាន់លោកជាផ្លូវការ។
គួរបញ្ជាក់ថា ការចាប់ខ្លួនលោក លី នៅថ្ងៃសុក្រនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប្រហែល១ឆ្នាំបន្ទាប់ពីអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀតគឺលោកស្រី ផាក គុនហេ (Park Geun-hye) ត្រូវបានបណ្តេញចេញពីតំណែង និងត្រូវបានចោទប្រកាន់ពីរឿងអាស្រូវពុករលួយផងដែរ៕