នៅថ្ងៃនេះ កម្ពុជាប្រគល់ជំនួយមនុស្សធម៌ជួយដល់ជនរងគ្រោះពីបាក់រលំទំនប់វារីអគ្គីសនីនៅប្រទេសឡាវ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ ឯកឧត្តមអ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ឯកឧត្តម ប្រាសិដ្ឋ សាយ៉ាសិដ្ឋ នៅទីស្តីការក្រសួង។

តាមការបញ្ជាក់ពីមន្ត្រីក្រសួងការបរទេស ជំនួបនេះ ធ្វើឡើងដើម្បីប្រគល់ជំនួយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយការបាក់រលំទំនប់វារីអគ្គីសនី នៅក្នុងខេត្តអាតាពើ កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅ។

សូមរំលឹកថា មុននឹងឈានដល់ការផ្តល់ជំនួយមនុស្សធម៌នេះ កាលពីថ្ងៃទី ២៦ កក្កដាកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខពីជូនចំពោះឯកឧត្ដម Thongloun SISOULITH នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយបានសម្តែងនូវមរណទុក្ខនិងរំលែកទុក្ខចំពោះហេតុការណ៏នៃការដួលរលំទំនប់វារីអគ្គិសនី ដែលបានសម្លាប់ជីវិតពលរដ្ឋឡាវនិងមានពលរដ្ឋបាត់ខ្លួនជាច្រើននាក់នោះ។

សូមជំរាបថា ការបាក់ទំនប់វារីអគ្គិសនីសេពាន-សេណាំណយ នៅខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ បានធ្វើឱ្យប្រជាជនប្រមាណជាង ៧,០០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នក្រោយលំនៅឋានរបស់ពួកគេលិចលង់ ខណៈដែលសោកនាដកម្មនេះ បានសម្លាប់មនុស្សជិត ៣០នាក់ ហើយ ជាង១០០នាក់ទៀតកំពុងបាត់ខ្លួន និងធ្វើឱ្យខូតខាតហេដ្ឋារចនាសម្ពន្ធ័ស្មើនឹងប្រាក់រាប់លានដុល្លា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation