សង្កាត់២នៅខណ្ឌដង្កោ នឹងទទួលបាន ការស្ថាបនា ផ្លូវ លូ ឡើងវិញក្រោយជំនន់ទឹកភ្លៀង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សង្កាត់ចំនួនពីរ នៅខណ្ឌដង្កោ គឺសង្កាត់ព្រៃស និងសង្កាត់សាក់សំពៅ ត្រូវបាន ស្ថាបនាផ្លូវ ឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀងស្រកអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅសហគមន៏អន្លង់គងថ្មី សង្កាត់ព្រៃស ទទួលបានផ្លូវ៣ខ្សែ និងដាក់លូ សង្កាត់សាក់សំពៅ ត្រូវស្ថាបនាផ្លូវឡើងវិញចំនួន២ខ្សែ ដែលរងការខូចខាតដោយសារទឹកហូរផ្តាច់ផ្លូវ។


ក្នុងដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅសហគមន៍អន្លង់គងថ្មី ក្នុងសង្កាត់ព្រៃស និងសង្កាត់សាក់សំពៅ ក្នុងសណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ កាលពីព្រឹកថ្ងៃទី ២៧ កក្តដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ និង ដាក់លូជូនបងប្អូនឡើងវិញ ខណៈដែលផ្លូវ៣ខ្សែនេះ កំពុងឈូសឆាយចាក់ថ្ម។

ឯកឧត្តមអភិបាល បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ច មួយទៀត គឺសុំឲ្យប្រជាពលរដ្ឋអញ្ជើញទៅ បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។


ក្រោយពីបញ្ចប់ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍អន្លង់គងថ្មីនេះរួច ឯកឧត្តម អភិបាលរាជធានី ក៏បានបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់ សំពៅ ខណ្ឌដង្កោ ដើម្បី ចង់ដឹងពីទុក្ខកង្វល់ និងតម្រូវការរបស់បងប្អូនចង់បាន។

ឯកឧត្តម អភិបាលក៏បានធ្វើការណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែឡើងវិញ ក្រោយពីផ្លូវទាំង២ខ្សែ នៅសង្កាត់សាក់សំពៅ ត្រូវបាន ទទួលរងការខូចខាតដោយសារទឹកហូរផ្តាច់កាលពីកន្លងមកប៉ុន្មានថ្ងៃមុននេះ ហើយមន្ទីរសុខាភិបាល ក៏ត្រូវរូតរះ យកថ្នាំអាល់បេតមកបាញ់ ដើម្បី បង្ការការពារនូវជំងឺតម្កាត់ជូនបងប្អូនដែរ។


គួរបញ្ជាក់ថាក្នុងសប្តាហ៍ជាប់ៗគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ តែងតែចុះពិនិត្យអំពីសកម្មភាពជំនន់លិចលង់លំនៅស្ថានប្រជពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនៅតាមខណ្ឌដង្កោ និងខណ្ដពោធិ៍សែនជ័យ៕ (អត្ថបទ និង រូបភាព៖ ម៉ៅ នរិទ្ធិយ៉ា)​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation