ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច កោះប្រជុំជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សាពីការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា

image

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញលិខិតកោះប្រជុំជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្លាស់ប្តូរយោបល់លើកម្មវិធីចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ នាទីស្តីការក្រសួងសេដ្ឋកិច្ច។ 

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កិច្ចប្រជុំនោះ មានគោលបំណងផ្លាស់ប្តូរយោបល់អំពីការរៀបចំ, អនុវត្តលទ្ធកម្មវ៉ាក់សាំងបង្ការជំងឺកូវីដ១៩, ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជនកម្ពុជា រួមទាំងការកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍សម្រាប់អនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ 

ដៃគូអភិវឌ្ឍន៍ ដែលត្រូវបានកោះប្រជុំនោះ រួមមាន អង្គការសុខភាពពិភពលោក(WHO), អង្គការ UNICEF,  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុប (EU), មូលនិធិសកល (Global Fund) និងតំណាងស្ថានទូតអូស្ត្រាលី ចិន ជប៉ុន សហព័ន្ធរុស្សី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង។

សូមជម្រាបថា កាលពីថ្ងៃម្សិលមិញ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។ 

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងសេដ្ឋកិច្ចឡើងវិញ។ កម្ពុជា ទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។ រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០អង្សារ ឬក្រោមនេះ៕

ព័ត៌មានទាក់ទង...